
សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការនីតិវិធីផ្អាកការអនុគ្រោះពន្ធក្នុងផ្អែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមានឈ្មោះថា អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
ទាក់ទងនឹងរឿងនេះដែរ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថា៖ ជាការកត់សម្គាល់ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធីផ្អាកការអនុគ្រោះពន្ធ EBA ដោយសារមានការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ។ សហរដ្ឋអាមេរិកមានកង្វល់ដូចសហភាពអឺរ៉ុបដែរ ទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរ លើសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិការងារដែលមានការទទួលស្គាល់ជាអន្តរជាតិ និងសេរីភាពទាក់ទងនឹងអង្គការសមាគម។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំកម្ពុជា ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ស្នើឱ្យប្រទេសកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឱ្យសហជីព អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិតដែលមិនត្រឹមត្រូវ។
ថ្នាក់ដឹកនាំកម្ពុជានៅមានឱកាសនៅឡើយ នៅក្នុងការជៀសផុតពីផលវិបាកអវិជ្ជមានផ្នែកសេដ្ឋកិច្ច នៃការដកការអនុគ្រោះពន្ធ EBA ។ ដូចដែលស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប គឺលោកស្រី Cecilia Malmström បានមានប្រសាសន៍ថា ៖ «វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះមិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរនីតិវិធីដែរ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដ ក្នុងពេលឆាប់ៗនេះ»។
ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍នេះ សហរដ្ឋអាមេរិសូមអំពាវនាវឱ្យមេដឹកនាំកម្ពុជាតម្កល់សុខុមាលភាពរបស់ប្រទេស ឱ្យខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយ។