
ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើននាក់ បានដេញចាប់បុរសម្នាក់ជាម្ចាស់រថយន្តទំនើបមួយគ្រឿង និងបម្រុងវាយថែមទៀត ខណៈដែលបុរសរូបនេះ បើករថយន្តទៅបុកទ្វាររោងចក្រ ហើយនិងកៀរស្ត្រីម្នាក់ ជិះម៉ូតូឌុបកូនតូចម្នាក់ ឲ្យដួលរងរបួស ហើយមិនឈប់ទទួលខុសត្រូវ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវទំនប់៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1133 បើកចេញពីរោងចក្រមួយកន្លែងមិនប្រយ័ត្ន ក៏បានបុកជញ្ចាំងរោងចក្រ ហើយមិនឈប់ទេ បានបន្តទៅកៀរស្ត្រីម្នាក់ កំពុងជិះម៉ូតូដឹកកូនក្មេងម្នាក់ទៀត បណ្ដាលឲ្យដួល រងរបួសរលាតខ្លួនប្រាណ ហើយរថយន្តបង្ក នៅតែបើករត់មិនទទួលខុសត្រូវ ទើបមានបងប្អូនប្រជាបលរដ្ឋឃើញហេតុការណ៍ខាងលើនេះ នាំគ្នាដេញតាមប្រហែល១គីឡូ ទើបចាប់ឃាត់បានទាំងរថយន្ត និងម្ចាស់ ហើយអំឡុងពេលនោះ ប្រជាពលរដ្ឋជាច្រើននាក់ មានការទើសចិត្ត និងបម្រុងវាយម្ចាស់រថយន្តបង្កផងដែរ។
ក្រោយមក ម្ចាស់រថយន្តបង្កបានដឹងខ្លួនខុស ក៏បានសម្របសម្រួលជាមួយស្ត្រីរងគ្រោះដោយមានកូនស្រីតូចម្នាក់ រងរបួសរលាតខ្លួនប្រាណ បញ្ចូនទៅកាន់មន្ទីពេទ្យ ដើម្បីព្យាបាលរបួស និងចេញថ្លៃព្យាបាលទាំងស្រុង ដើម្បីបញ្ចប់រឿងផងដែរ៕




