header ads

Sponsor

ភ្នំពេញៈ នៅរសៀលថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០១៩ ​ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ចេវ​ ហាក់ ស្នងការរង​នគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់រថយន្តដឹកទំនិញចេញចូលម៉ោងខុស​ជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ១​ ស្ថិតក្នុងសង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​​ ។

ឧត្តមសេនីយ៍ត្រី ចេវ​ ហាក់ បានប្រាប់ ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ ទៅលើរថយន្តធុនធំ​ប្រភេទកង់១០​ ដែលមិនអនុញ្ញាតឲ្យចូលរាជធានីភ្នំពេញ ក្នុងនោះកម្លាំងជំនាញរបស់លោក បានដាក់ពង្រាយចំនួន​៣គោលដៅធំៗ។

លោកអះអាងទៀតថា គោលដៅធំៗនោះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ, ផ្លូវហាណូយ​ ខណ្ឌសែនសុខ, ផ្លូវលេខ៥៩៨​ និងផ្លូវជាតលេខ៥ ក្នុងខណ្ឌឬស្សីកែវ ហើយការចុះអនុវត្តច្បាប់ចរាចរណ៍តាមគោលការណ៍ បានធ្វើឡើងតាមច្បាប់របស់សាលារាជធានីភ្នំពេញ ក៏ដូចជាក្រសួងមហាផ្ទៃ ដែលបានចេញនៅអនុក្រឹត្យនេះផងដែរ។

លោកឧត្តមសេនីយ៍ត្រី ចេវ​ ហាក់ បានបន្តថា នៅក្នុងការចុះអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជា​ការត្រួតពិនិត្យទៅលើរថយន្តធុនធំនេះ គឺចាប់ផ្ដើមតាំងពីព្រឹក រហូតដល់ល្ងាច ដោយកម្លាំងនគរបាលជំនាញ បានធ្វើការឃាត់រថយន្តធុនធំ បានចំនួន​២០គ្រឿង។​

ដោយឡែក ចំពោះរថយន្តដែលកម្លាំងនគរបាលជំនាញបានធ្វើការឃាត់នោះ និងធ្វើការផាកពិន័យ​ ព្រមទាំងសុំគោលការណ៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការពន្យល់ណែនាំដល់ម្ចាស់អាជីវករ ដែលបើកមុខរបរ រថយន្តដឹកទំនិញធុនធំទាំងឡាយ ស្ដីអំពីច្បាប់អនុញ្ញាតឲ្យរថយន្តធុនធំ ចេញចូលមានម៉ោងកំណត់ត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ចំពោះរថយន្តដឹកទំនិញធុនធំទាំងអស់ មិនត្រូវអនុញ្ញាតឲ្យចូលក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង​​៦ព្រឹក រហូតដល់ម៉ោង​១០យប់​នោះឡើយ​។

ជាចុងក្រោ​យ លោកឧត្តមសេនីយ៍ត្រី ចេវ​ ហាក់​ បានសំណូមពរដល់ម្ចាស់អាជីវកម្មទាំងឡាយ​ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ និងគោរពតាមគោលការណ៍ដែលសាលារាជធានីភ្នំពេញ​​បានដាក់ចេញ ហើយចំពោះម្ចាស់អាជីវកម្មណាដែលមិនគោរពតាមគោលការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ​ នឹងឃាត់រថយន្តទុករហូតដល់មានបទបញ្ជាថ្មីពីសាលារាជធានីភ្នំពេញ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post