header ads

Sponsor

ភ្នំពេញៈ រថយន្ត Mercedes Benz Ml350 4matic មួយគ្រឿង បើកក្នុងល្បឿនលឿន រេជ្រុលចង្តូតទៅបុកទ្រូងផ្លូវ រងការខូចខាតអស់ចំនួន១កង់ រីឯរថយន្តផ្ទុះពោងសុវត្ថិភាព និងរងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ នៅវេលាម៉ោង២៖២៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ២០១៩ (ត្រង់ចំណុចទល់មុខស្ថានទូតវៀតណាម) លើកំណាត់ផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសមាឌធំម្នាក់​ រួមដំណើរដោយបុរសម្នាក់ទៀត បើករថយន្ត១គ្រឿង ម៉ាក Mercedes Benz Ml350 4matic ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​ 2AO-5452 ធ្វើដំណើរតាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ ទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន១កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងឆ្វេងយ៉ាងដំណំផងដែរ តែសំណាង​ល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។

ប្រភពបន្ថែម​ទៀតថា ភ្លាមនោះគេឃើញបុរសមាឌធំដែលជាអ្នកបើករថយន្ត និងបុរសម្នាក់ទៀត ជាអ្នករួមដំណើរ បានបើករថយន្តបន្តដំណើរទៅមុខទៀត បានប្រហែល៧០ម៉ែត្រ​ ក៏បត់ឡើងមកចតនៅមុខ​ធនាគារ​ PBC Back រួចចេញមក ដោយទុករថយន្តបង្កហេតុចោលនៅកន្លែងកើតហេតុ រួចប្រញាប់ប្រញាល់​គេចខ្លួន​ តែបានក្រុមសន្តិសុខរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយសងកាតខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនីតិវិធីផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post