
ភ្នំពេញៈ យុវតីរូបស្រស់ម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ដោយសារញៀនល្បែងខ្លាំងពេក ដាច់លុយ ក៏ប្រព្រឹត្តលួចម៉ូតូម៉ាក ZOOMER-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FL-3878 ស្នាក់នៅបន្ទប់ខុនដូរជាមួយគ្នា លួចយកទៅបញ្ចាំលេងល្បែងចាញ់អស់ ក្នុងណាហ្គាវើល កាលវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខុនដូរមួយកន្លែង ស្ថិតនៅតាមផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ វិជ្ជរ៉ា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅខុនដូរជាន់ទី៦ តាមផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ ខៀវ រិទ្ធដាដាណា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅខុនដូរជាមួយគ្នាជាន់ទី២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន និងមានស្រុកកំណើតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មានស្រ្តីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយទុកម៉ូតូម៉ាកខាងលើ នៅជាន់ផ្ទាល់ដីហើយបាត់ តែមិនដឹងថាចោរលួចនៅថ្ងៃណាទេ ដោយសារគាត់មានអាការៈមិនស្រូវស្រួលខ្លួន មិនបានជិះម៉ូតូទៅធ្វើការក្រោយមក ក៏សមត្ថកិច្ចយើងចុះត្រួតពិនិត្យ កន្លែងកើតហេតុរួចក៏ទទួលពាក្យបណ្ដឹងជនរងគ្រោះ។
សមត្ថកិច្ចបន្តថា ក្រោយពីចុះស្រាវជ្រាវ និងមើលកាមេរ៉ាសុវត្ថិភាពនៅខុនដូរខាងលើ បានបង្ហាញពីសកម្មភាព នារីជនសង្ស័យ ដែលជាអ្នកស្នាក់នៅក្នុងខុនដូរដូចគ្នា ជាអ្នកបើកម៉ូតូ ZOOMER-X យកចេញទៅ និងសាកសួរនាំសាក្សីសន្តិសុខ ដែលយាមនៅខុនដូររហូតមក ដល់ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្រ្តីរងគ្រោះបានចាប់នារីជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលទំពូង២ និងស្នើឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
ទើបសមត្ថកិច្ចធ្វើការសាកសួរនាំនារីរូបស្រស់ដែលជាជនសង្ស័យនោះ បានឆ្លើយសារភាពថា មកពីខ្លួនដាច់លុយចាយ ព្រោះចាញ់ល្បែងខ្លាំងពេក ក៏ឃើញជនរងគ្រោះដេក មិនចេញពីបន្ទប់ណាមួយសន្តិសុខនៅខុនដូរផ្លាស់ប្ដូរថ្មី ទើបនាងហៅជាងសោម៉ូតូ មកចំលងសោថ្មី ក្រោយពីជាងចំលងរួច នាងបើកម៉ូតូអ្នករងគ្រោះយកទៅដាក់បញ្ចាំ នៅណាហ្គាវើល (NAGA WORLD) ក្នុងតំលៃ៦០០ដុល្លារ ហើយយកទៅលេងល្បែងទៀត លុះចាញ់ខ្ទេចអស់ ហើយក៏មិនដឹងគេចខ្លួនទៅណារួច ក៏ត្រលប់ចូលទៅខុនដូរវិញ កុំឲ្យគេសង្ស័យ តែរហូតមកដល់ថ្ងៃខែខាងលើ ទើបស្ត្រីជនរងគ្រោះ មកឃាត់ខ្លួននាងប្រគល់អោយសមត្ថកិច្ចតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីជនរងគ្រោះបានឃាត់ខ្លួន ដោយភ័យខ្លាចជាប់គុក រូបនាងក៏ឲ្យក្រុមគ្រួសារយកលុយ ទៅលួសម៉ូតូចេញពីកន្លែងបញ្ចាំក្នុងណាហ្គាវើល (NAGA WORLD) វិញ រួចប្រគល់ម៉ូតូឲ្យម្ចាស់គេវិញហើយ ដើម្បីឲ្យជនរងគ្រោះដកពាក្យបណ្ដឹង តែយ៉ាងណាក៏ដោយ ទោះជាជនរងគ្រោះបានម៉ូតូវិញ ក៏សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលទំពូង២ នៅតែឃាត់ខ្លួននារីរូបស្រស់ ពីបទលួចម៉ូតូដដែល។
បច្ចុប្បន្ននារីរូបស្រស់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ កសាងសំណុំរឿង បញ្ជូលទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


