
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១:៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបែកជាបួន ស្តុបបុរីកីឡា ផ្លូវលេខ១៨២ (ទេពផន) កែងផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អ្នកបើកបរឈ្មោះ ហ៊ូ ហ្ស៊ីហ្សឺលៀ ជឺហ្សី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាសិស្សសាលាភាសាចិន ឆុង ជឹង ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ Cam Post (ខេមប៉ុស្តិ៍) ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9663 បើកបរដោយនារីរូបស្រស់ម្នាក់ រួមដំណើរដោយបុរសបរទេសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨២ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក TODAY ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 1GM-8580 បើកបរដោយនារីរងគ្រោះ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១១ ក្នុងទិសដៅពីជើងមកត្បូង បានទៅបុកចំរថយន្តផ្នែកខាងស្ដាំ បណ្ដាលឲ្យបោកផ្ទប់នឹងកញ្ចក់រថយន្ត រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជន ហុងហាក់ បានមកដឹកយកទៅសង្គ្រោះភ្លាមភ្លាមផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចរាយការណ៍ ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការនគរបាលខណ្ឌ៧មករា ចុះមកវាស់វែង និងយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយបន្តទៅតាមផ្លូវច្បាប់ផងដែរ ៕










