header ads

Sponsor

ភ្នំពេញៈ ប្រភពបានបង្ហើបថា អ្នកបើករថយន្តមួយគ្រឿង បុកជនបរទេស២នាក់ និងបុរសជនជាតិខ្មែរម្នាក់ បណ្តាលឲ្យស្លាប់នាយប់រំលងអធ្រាត្រចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅខណ្ឌដូនពេញ ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បាន និងកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

អ្នកបើករថយន្ត ដែលបង្កឲ្យមនុស្សស្លាប់ចំនួន៣នាក់ខាងលើនេះ មានឈ្មោះ ហ៊ែល វណ្ណៈ អាយុ៣០ឆ្នាំ មុខរបរអ្នកនាំភ្ញៀវទៅថៃ មានទីលំនៅភូមិមានលាប សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើករថយន្តម៉ាក LEXUS RX-330 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-5853។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២៖៣០នាទី យប់រំលងអធ្រាត្រចូលថ្ងៃទី២ ខែមីនា​ ឆ្នាំ២០១៩ ត្រង់ចំណុចវិថីព្រះស៊ីសុវត្ថិ ប្រសព្វផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោក ដែលភ្នាក់ងារខេមប៉ុស្តិ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនបង្កបានធ្វើដំណើរតាម បណ្តោយវិថីព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកចូលចំណែកផ្លូវម្ខាង រួចក៏បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក SUZUKI VIVA ពណ៌ខ្មៅ គ្មានលេខ បណ្តាលឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក់ម្នាក់ និងជនបរទេស ដែលជិះលើម៉ូតូរ៉ឺម៉ក់ចំនួន២នាក់ បានស្លាប់។

របាយការណ៍បានបន្តថា ជនរងគ្រោះ ដែលបើកម៉ូតូរ៉ឺម៉កមានឈ្មោះ យឹម ស៊ីផុន អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរប្រាក់ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ដោយឡែកជនបរទេស ទី១ឈ្មោះ HIETA ARTTU JOHANNES អាយុ៣៣ឆ្នាំ ជនជាតិហ្វាំងឡង់ និងទី២-ឈ្មោះ APAJASALMI LASSE MIKAEL អាយុ៣៣ឆ្នាំ ជនជាតិហ្វាំងឡង់។ ជនបរទេសទាំងពីរនាក់ ស្នាក់នៅសណ្ឋាគារអាម៉ឹនី បន្ទប់លេខ៤០៤ ជាន់ទី៤ មានទីតាំងស្ថិតនៅផ្លូវលេខ២៤៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនបង្កក្រោយពីបុកម៉ូតូរ៉ឺម៉ករួចហើយ ក៏ជ្រុលទៅបុកម៉ូតូឈប់ស្ងៀមមួយគ្រឿងទៀតម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ប-3975 ភព1។

បើតាមរបាយការណ៍ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ មកពីរថយន្តបើកបរលឿន មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើកបរក្នុងស្ថានស្រវឹងដោយមានអត្រាជាតិអាល់កុល0.91 Mg/L។ សម្រាប់រថយន្តបង្ក និងម៉ូតូទាំង២គ្រឿង ត្រូវបានរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post