header ads

Sponsor

ព្រៃវែងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងជនសង្ស័យម្នាក់ទៀត ត្រូវបាន​សមត្ថកិច្ចផ្ទុះអាវុធ៣ទៅ៤គ្រាប់ បណ្ដាលឲ្យ​របួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តព្រៃវែង ក្រោយគេរាយការណ៍ថា ជនសង្ស័យទាំងពីរ បានធ្វើសកម្មភាពលួចរថយន្តម៉ាកព្រូសមួយគ្រឿងពីភ្នំពេញ។

លោក ជា ឡាឌីន មេប៉ុស្ដិ៍កំពង់សឹង បានឲ្យដឹងថា នៅម៉ោងប្រហែល៨យប់ថ្ងៃទី២៣ ខែមី​នា ឆ្នាំ២០១៩ ឈ្មោះ ផាន់ សុឌី ភេទប្រុស ទីកំណើត​នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេចខេត្តព្រៃវែង បច្ចុប្បន្ន​ជាជាងជួសជុលឡាននៅភ្នំពេញ បានទូរសព្ទ័មកប្ដឹងលោកថា មានចោរលួចឡានពីភ្នំពេញ បើក​តាមផ្លូវជាតិលេខ១ កាត់តាមភូមិ​កំពង់សឹង។

លោកមេប៉ុស្តិ៍ បន្តថា ភ្លាមនោះលោកបានដឹកនាំ​កម្លាំង​ចេញស្ទាក់ នៅចំណុចផ្សារកំ​ពង់សឹង ខណៈ​ដែល​ម្ចាស់រថយន្ត បាន​បើករថយន្ត​ដេញតាមពីក្រោយ លុះដល់គល់ស្ពានអ្នក​លឿងត្រើយខាងកើត រថយន្តនោះ ក៏បត់ទៅផ្លូវជាតិលេខ១១ ហើយឈ្មោះ ផាន់ សុឌី បានទូរស័ព្ទប្រាប់លោកថា ឲ្យ​ជួយស្ទាក់តាមផ្លូវ មកស្រុកបាភ្នំវិញ។

លោកមេប៉ុស្តិ៍ បានបន្តទៀតថា ពេលនោះកម្លាំងរបស់លោក រួមមានទាំងកម្លាំង PM បាន​ដេញតាមក្រោយចំនួនពីរឡានដែរ ពេល​មកដល់ចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ម៉ោងប្រហែល១១យប់ថ្ងៃដដែល រថយន្តក្រុមចោរបានគេចពីរថយន្ដសមត្ថ​កិច្ច ដែល​ដាក់ពាំងផ្លូវ ភ្លាមៗនោះ សមត្ថកិច្ច ក៏បាន​ផ្ទុះអាវុធ៣ទៅ៤គ្រាប់ ក្នុងពេលកំពុងប្រតិបត្តិការ ធ្វើឲ្យ​សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ រស់​នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និ​ងបាញ់ត្រូវជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ យ៉ន ដាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរម៉ៅការជាងពិដាន រស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួលក្បាល សមត្ថ​កិច្ច ក៏​បានបញ្ជូនទៅមន្ទីរពេទ្យស្រុកបាភ្នំ តែរបួសធ្ងន់ធ្ងរពេក សមត្ថកិច្ចក៏បញ្ជូនបន្តទៅ​មន្ទីរពេទ្យខេត្តព្រៃវែងទៀត លុះដល់មន្ទីរពេទ្យ ជនសង្ស័យក៏ដាច់ខ្យល់​ស្លាប់។

សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តដែលក្រុមចោរលួចនោះ ម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AF-2679។

បច្ចុប្បន្នពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញខេត្តព្រៃវែង កំពុងធ្វើការស្រាវជ្រាវនៅឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post