header ads

Sponsor

ភ្នំពេញៈ ក្រសួងបរិស្ថាន បានប្រកាសជូនដំណឹង និងស្នើដ៏ទទូចដល់បងប្អូនប្រជាជពលរដ្ឋ ដែលបាន និងកំពុងកាន់កាប់ និងលក់ដូរដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ខេត្តព្រះសីហនុ ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពល្មើសច្បាប់នេះ។ បើនៅតែបន្តសកម្មភាពទិញលក់ដូរដីធ្លីក្នុងឧទ្យានជាតិនេះដោយខុសច្បាប់ នឹងត្រូវប្រឈមមុខច្បាប់។ នេះជាការព្រមានរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ ខណៈមានជនខិលខូចមួយចំនួនបាន និងកំពុងប្រកាសលក់ដីពុះឡូតិ៍ថ្មីៗយ៉ាងអនាធិបតេយ្យ ដែលមានទីតាំងក្នុងតំបន់ឧទ្យានជាតិរៀម ដែលជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំពាវនាវដល់សាធារណជន ដែលកំពុងព្យាយាមទិញដីធ្លីនៅតំបន់ឧទ្យានជាតិរាមថា សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្ន ព្រោះការទិញលក់ដូរដី ស្ថិតក្នុងតំបន់ការពារធម្មជាតិ ជាទង្វើខុសច្បាប់ ហើយជនប្រព្រឹត្តល្មើសច្បាប់ នឹងអាចត្រូវប្រឈមមុខច្បាប់។ លោកគូសបញ្ជាក់ថា គ្មានជនណាម្នាក់ មានសិទ្ធិយកដីរដ្ឋទៅលក់ដូរ និងចេញបណ្ណកម្មសិទ្ធិឲ្យបុគ្គលណាបានឡើយ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើបងប្អូនបន្តសកម្មភាពទិញដូរដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ក្រោមការបោកប្រាស់របស់ជនខិលខូច នោះអាចធ្វើឲ្យបងប្អូនខាតបង់ប្រាក់ឥតប្រយោជន៍ បើសិនអជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវឃើញថា ដីធ្វើការទិញដូរនោះ ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ។

លោករដ្ឋលេខាធិការ បានឲ្យដឹងថា ជនល្មើសដែលទៅកាប់រុករានទ្ទ្រានដីរដ្ឋដោយខុសច្បាប់ ក៏ដូចជាទៅចាប់ដីលើកម្មសិទ្ធិឯកជននៅខេត្តព្រះសីហនុ ជាច្រើនករណីបាន និងកំពុងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ រង់ចាំការជំនុំជម្រះក្តីចំពោះបទល្មើស ដែលខ្លួនប្រព្រឹត្តប្រឆាំងនឹងច្បាប់ស្តីពីតំបន់ការពារតំបន់ធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ និងច្បាប់ដីធ្លី។

តំបន់រាម មានផ្ទៃដីទំហំ១៥.០០០ហិកតា ត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម) ដោយព្រះរាជក្រឹត្យ នៅឆ្នាំ១៩៩៣។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ដោយសារតែដីនៅខេត្តព្រះសីហនុ មានតម្លៃថ្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចបន្តកើតមាន ដែលខ្លះមានការរំលោភកាន់កាប់ដីខុសច្បាប់ពីជនខិលខូចលើដីជាទ្រព្យសម្បត្តិរដ្ឋ និងជារបស់ឯកជនខ្លះ ទោះបីជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ។

លោករដ្ឋលេខាធិការ បានថ្លែងថា កន្លងមក ការទន្ទ្រាន រុករានកាន់កាប់ដីដោយខុសច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លី ដែលពួកគេបានញុះញង់ឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបផ្លាញធនធានធម្មជាតិក្រោមរូបភាពជាច្រើន ដូចជាការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យា.. ជាដើម ដើម្បីបន្លំថា ជាដី និងដំណាំ ដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្ត្រានកាន់កាប់ដីព្រៃខុសច្បប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឲ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។

លោកបន្តថា កន្លងមក ក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឲ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិល ធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផល ព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន បានគិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិនានា តាមរយៈការជួយបង្កើតមុខរបរ បង្កើតប្រភពចំណូល បង្កើនចំណូលសម្រាប់អភិវឌ្ឍន៍ជីវភាពគ្រួសារបងប្អូន។ ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រមជាតិពាក់ព័ន្ធ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការយកពលរដ្ឋមកធ្វើជាលេស ដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋជារឿងខុសច្បាប់ និងមិនត្រូវបានអត់ឱនឲ្យឡើយ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលប្រទេសកម្ពុជា មានដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយ ដែលបំពាននឹងត្រូវប្រឈមមុខច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post