header ads

Sponsor

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសបញ្ឈប់លែងឲ្យអ្នកទោស ប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ នៅក្នុងពន្ធនាគារបន្តទៅទៀត។

ការប្រកាសបញ្ឈប់នេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ បានបញ្ជាឲ្យបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ នៅតាមពន្ធនាគារ ខណៈមានអ្នកទោសមួយចំនួនទាក់ទងមកខាងក្រៅតាមទូរស័ព្ទ ដើម្បីរត់ការដោះលែង ដោយគ្មានញញើតច្បាប់។

យោងតាមសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធនាគារ ទៅដល់ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទាំងអស់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា “ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ត្រូវចាត់អនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការបញ្ឈប់ឲ្យប្រើប្រាស់ទូរស័ព្ទ រហូតដល់មានបញ្ជាថ្មី”។

សេចក្តីណែនាំ រួមមាន៖ ទី១- បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ដែលដាក់ឲ្យជនជាប់ឃុំប្រើប្រាស់ ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ រហូតដល់មានបទបញ្ជាថ្មី។

ទី២- បង្កើនការបង្កាទប់ស្កាត់ រាល់ការលួចលាក់នាំទូរស័ព្ទចល័ត ចូលមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ និងពង្រឹងការត្រួតពិនិត្យ ឆែកឆេរ ដកហូតទូរស័ព្ទ ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។

ទី៣- ករណីរកឃើញទូរស័ព្ទ ដែលបម្រុងនាំចូល ឬរកឃើញទូរស័ព្ទក្នុងពន្ធនាគារ ត្រូវធ្វើកំណត់ហេតុដកហូតរក្សាទុក។ ចំពោះជនដែលប្រព្រឹត្តបទល្មើស ត្រូវមានវិធានការតាមផ្លូវច្បាប់ ដូចមានចែងក្នុងមាត្រា៥៧១ និងមាត្រា៥៧២ នៃក្រមព្រហ្មទណ្ឌ និងដាក់វិន័យតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។

និងទី៤- ត្រូវរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការចាត់តាំង អនុវត្តសេចក្តីណែនាំនេះ តាមរយៈរបាយការណ៍ប្រចាំថ្ងៃ មកអគ្គនាយកដ្ឋានពន្ធនាគារ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post