
អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញនេះ រដ្ឋបាលក្រុង បានសហការជាមួយមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានចុះចប់ម៉ូតូទឹកចំនួន ៤គ្រឿង ដែលចរាចរណ៍នៅលើផ្ទៃសមុទ្រ បៃអូរឈើទាល ដែលជាតំបន់ហាមឃាត់ ដោយនាំយកមករក្សាទុកនៅសាលាក្រុង។
លោក អ៊ី សុខឡេង បញ្ជាក់ថា កន្លងមកម្ចាស់ម៉ូតូទឹក ដែលបានផ្តល់សេវាម៉ូតូទឹក សម្រាប់ឲ្យភ្ញៀវទេសចរជួលជិះកម្សាន្តក្បែរៗឆ្នេរសមុទ្រ ដែលជាទីតាំងមានភ្ញៀវទេសចរ ចុះងូតទឹកលេង គឺធ្លាប់បានបង្កគ្រោះថ្នាក់ជាញឹកញប់ដល់អ្នកចុះងូតទឹក និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ នៅតាមឆ្នេរអូរឈើទាល។
លោក អ៊ី សុខឡេង បញ្ជាក់ថា ផ្តើមពីបញ្ហានេះ ទើបឈានដល់ក្រុមការងារមានខាងមន្ត្រីសាលាក្រុង មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទីតាំងច្បាស់លាស់ថ្មី ដើម្បីឲ្យអាជីវករ ដែលជាម្ចាស់ម៉ូតូទឹក ឬប្រកបអាជីវកម្មផ្តល់សេវាជិះម៉ូតូទឹកដល់ភ្ញៀវជិះកម្សាន្ត ឲ្យទៅចតម៉ូតូទឹក ដើម្បីធ្វើអាជីវកម្ម នៅទីរាំងថ្មី ទល់មុខឆ្នេរអារីស្តុនជំនួសវិញ។ ប៉ុន្តែ ការណែនាំ របស់អាជ្ញាធររដ្ឋបាលក្រុងខេត្តព្រះសីហនុ ក៏នៅមានម្ចាស់ម៉ូតូទឹកមួយចំនួន បានបំពានការណែនាំ ទើបត្រូវបានចាប់ម៉ូតូទឹកចំនួន ៤គ្រឿង យកទៅរក្សាទុក ដើម្បីផាកពិន័យ និងរក្សាទុករយៈពេលវែង ជាការព្រមានឲ្យរាងចាល៕




