header ads

Sponsor

ភ្នំពេញៈ តារាចម្រៀងតារាកំប្លែងជើងចាស់ច្រើនដួង មានការភ្ញាក់ផ្អើលស្ទើរតែមិននឹកស្មានពេលបានចូលរួមកម្មវិធីឡើងភូមិគ្រឹះថ្មីរបស់លោក កុយ ស៊ី​ឌឿន ដែលជាប្រធានវិទ្យុ DP និងជានាយកក្លិបសិល្បៈឌីភី ចាយខ្ទង់រាប់សិបម៉ឺ​នដុល្លារធ្វើផ្ទះបែបបុរាណ។ ទាំងភ្ញៀវ និងសិល្បៈមកឃើញផ្ទាល់លាន់មាត់ ហើយសរសើរពីការរចនារបស់ម្ចាស់ផ្ទះបែបលក្ខណៈរចនាបថខ្មែរពិតៗ។

នាយប់មិញនេះលោក កុយ ស៊ី​ឌឿន និងភរិយា ហួត សុភាព បានប្រារព្ធពិធីឡើងគេហដ្ឋានថ្មីនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ អ្វីដែលជាភាពអស្ចារ្យ ផ្ទះដែលកសាងឡើងច្រើនខែនោះ ពិតជាស្រស់ប្រណិតរហូតស្ទើរតែក្លាយជាទីតាំងសម្រាប់ធ្វើជាកន្លែងកម្សាន្តបែបទេសចរណ៍។ ផ្ទះរំលេចដោយភាពរចនាបែបបុរាណខ្មែរច្រើនស្ទើរ១០០%។ ក្នុងនោះផងដែរ គេ​ឃើញថា បរិវេណ​ទាំងមូលមានរៀបចំលើផ្ទៃដីធំទូលាយ​ មានប្លង់ៗចែកដើរកម្សាន្តដូចជាស្រះទឹក កន្លែងគោរពព្រះ សួនកម្សាន្ត មានរូបបណ្តាសត្វផ្សេងៗ រីឯតួខាងក្នុងផ្ទះមានរំលេចឈើ មានតម្លៃច្នៃតាមការប្រឌិតរបស់ម្ចាស់ផ្ទះ។

តាមការឲ្យ​ដឹងពី​អ្នកភូមិខ្លះថា ផ្ទះនេះមានតម្លៃជាង៣០ម៉ឺ​នដុល្លារ ខ្លះថា ក្បែរកន្លះលានដុល្លារ។ បើទោះជាមិនមានការទម្លាយខ្ទង់ចំណាយពីលោក កុយ ស៊ីឌឿន និងភរិយា តែគេយល់ថានេះជាការលើកស្ទួយវប្បធម៌បុរាណ ហើយក៏​ជាការលើកកម្ពស់បរិស្ថានផងដែរ ព្រោះឃើញមានការដាំកូនឈើជាច្រើនពេញទីតាំង។ ម្យ៉ាងទៀត លោក ស៊ីឌឿន បានបើកទូលាយឲ្យ​អ្នកស្រុកក្នុងភូមិ អាចចូលអង្គុយលេងស្រូប យកខ្យល់អាកាសជួបជុំបងប្អូន​ញាំអាហារពេលទំនេរពីការងារ។

យោងតាមសិល្បករនិយាយគ្រប់គ្នាថា ភូមិគ្រឹះខាងលើ ពិតជាទាក់ទាញសម្រាប់ការថតរឿងបែបបុរាណ ដូចជាឈុតប្លង់ផ្ទះសេដ្ឋី។ ប្រសិនបើផលិតករបានឃើញពិតជា មិនមើលរំលងព្រោះទីតាំងសុទ្ធ​តែមានចំណុ​ចពិសេស ទាំងថតរឿង និងចម្រៀងខារ៉ាអូខេ។

កម្មវិធីក៏​មានរំលេចជារបាំជូនពរ និងរំលេចខួបកំណើតលោក កុយ ស៊ី​ឌឿន ព្រមទាំងកម្មវិធីប្រគល់បាច់ផ្កាជូនស្ត្រី ដើម្បីអបអរទិវា ៨ មីនា។ ក្រៅពីនេះ ក៏មានការលេងកំប្លែងរាំកម្សាន្តយ៉ាងរីករាយ។

លោក កុយ ស៊ីឌឿន ជាអតីតក្មេងកំព្រាមណ្ឌលកៀនឃ្លាំង។ លោករមែងរំលេចការជួយដល់ចាស់ជរាកុមារតូចៗ និងសិល្បករ មានការលំបាក គាត់ជួយមិនរើសអើងអ្វីឡើយ ទើបអ្នកសិល្បៈគ្រប់រូបគោរពស្រឡាញ់លោកគ្រប់ៗគ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post