header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បានប្រើល្បិចយកលុយក្រុមហ៊ុនទៅចាយអស់ ប្រមាណជាង៣ម៉ឺនដុល្លារ ហើយមិនព្រមយកមកទូរទាត់សងក្រុមហ៊ុនវិញ ត្រូវតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃចន្ទ ១៣កើត ខែជល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនមេឌីវ៉េត ផ្ទះលរច៣២៣ង ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភាង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់កាកាប ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមាន ឈ្មោះ ប្រាក់ អ៊ីងវង្សធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជានជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះលេខ១១D ផ្លូវបេតុង ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈបន្សល់ទុក៖ វិក័យប័ត្រមួយចំនួន។ សម្ភារៈបាត់បង់៖ លុយចំនួន៣១.០០០ដុល្លារ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ជនសង្ស័យបានចូលធ្វើការនៅក្នុងក្រុមហ៊ុនខាងលើ ដោយទទួលការងារទីផ្សារ និងបានយកពងមាន់ពីក្រុមហ៊ុនទៅបោះឲ្យម៉ូយនៅតាមទីផ្សារ រួចជនសង្ស័យបានប្រមូលលុយពីម៉ូយមកចាយវាយ ដោយប្រាប់ក្រុមហ៊ុនថាម៉ូយមិនទាន់ទូទាត់លុយថ្ងៃពងមាន់ឲ្យខ្លួន បន្ទាប់មកខាងក្រុមហ៊ុនបានដឹងថាជនសង្ស័យបានប្រមូលលុយពីរម៉ូយសរុបចំនួន៣១.០០០ដុល្លារ ហើយមិនយកមកទូទាត់ជាមួយក្រុមហ៊ុន ទើបនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទី ជនរងគ្រោះតំណាងក្រុមហ៊ុនខាងលើ បាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បាលទឹកថ្លាធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post