header ads

Sponsor

ភ្នំពេញៈ យុវតីម្នាក់ ទៅផ្សារទិញខោអាវ តែមិនទាន់បានទិញផង ទើបតែយកម៉ូតូទៅផ្ញើ ហើយដើរចូលក្នុងផ្សារ ស្រាប់តែត្រូវបានជនសង្ស័យ២នាក់ ដើរចូលទៅក្បែរ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ម៉ាកអាយហ្វូនសិចផ្លើស (IPhone 6Plus) ដែលនាងកំពុងកាន់នៅជាប់ដៃ ហើយបាននាំគ្នារត់គេចខ្លួន ទើបនាងស្រែកចោរៗ តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដែលឈរយាមនៅតូបលក់មាសក្បែរនោះ ជួយអន្តរាគមន៍ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួចហៅកម្លាំងឲ្យមកយកទៅសាកសួរបន្តនៅស្នាក់ការប៉ុស្តិ៍ និងយកទូរស័ព្ទបានមកវិញដែរ ចំណែកឯបក្ខពួកម្នាក់ទៀត  បានរត់គេចខ្លួនបាត់ស្រមោល។

ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ)ខាងល់នេះ  បានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីថ្ងៃត្រង់  ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារស្ទឹងមានជ័យថ្មី ផ្លូវលេខ២១៧ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តី កក្កដា (ហៅ ទិត្យ) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤០៣ ផ្លូវលេខ២៧(បុរីសូនី) ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ មុខរបរ កម្មការនីរោងចក្រ។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាកអាយហ្វូនសិចផ្លើស (IPhone 6Plus) ពណ៌មាស (ជារបស់ជនរងគ្រោះ)។

លោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍ ស្ទឹងមានជ័យទី១ បានឲ្យដឹងពីដំណើររឿងថា កាលពីវេលាម៉ោង១១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ពៅ ស្រីនិច បានជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស មកផ្ញើនៅកន្លែងផ្ញើម៉ូតូក្នុងផ្សារស្ទឹងមានជ័យថ្មី ផ្លូវលេខ២១៧ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ រួចដើរចូលទៅក្នុងផ្សារដើម្បីទិញខោអាវ ដោយមានកាន់ទូរស័ព្ទដៃ១គ្រឿង ម៉ាកអាយហ្វូនសិចផ្លើស (IPhone 6Plus) នៅក្នុងដៃ ពេលនោះជនសង្ស័យ២នាក់ ឈ្មោះ តី កក្កដា ហៅ ទិត្យ និងឈ្មោះ ស្មី បានដើរចូលទៅក្បែរជនរងគ្រោះឈ្មោះ ពៅ ស្រីនិច ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ហើយបាននាំគ្នារត់គេចខ្លួន ខណៈនោះជនរងគ្រោះឈ្មោះ ពៅ ស្រីនិច បានស្រែកឆោឡោឡើង ទន្ទឹមកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដែលឈរយាមនៅតូបលក់មាសក្បែរនោះ ក៏បានដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ តី កក្កដា (ហៅ ទិត្យ) យកមកស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ ចំណែកជនសង្ស័យឈ្មោះ ស្មី បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ តី កក្កដា (ហៅ ទិត្យ) ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post