
កណ្តាលៈ គ្រាន់តែរឿងដាក់ប្លង់ដីបញ្ចាំតម្លៃត្រឹមតែ១ពាន់ដុល្លារអាមេរិកសោះ ម្ចាស់លុយដែលគេស្គាល់ថា ជាអ្នកមានលុយ ហើយមានបក្ខពួកជាអ្នកមានអំណាច ប្រចាំនៅតំបន់ ឃុំទេពប្រណម ស្រុកពញាឮនោះ បានដាក់ពាក្យបណ្តឹងរហូតទៅដល់តុលាការខេត្ត ដើម្បីចុះអនុវត្តន៍សាលក្រមទាំងបង្ខំ ចង់រំលោភបំពានយកទាំងផ្ទះ ទាំងដីនោះថែមទៀតផង បើទោះបីម្ចាស់ដី និងផ្ទះ ធ្វើការអង្វរកសុំសងលុយ ក៏ភាគីម្ចាស់លុយនៅតែមិនព្រមយកលុយនោះដែរ ដាច់ខាត ត្រូវតែយកដីនោះឲ្យទាល់តែបាន ទោះប្រើគ្រប់វិធីក៏ដោយចុះ។
មិនត្រឹមតែប៉ុណ្ណោះរឿងរ៉ាវរ៉ាំរ៉ៃនេះ បានកើតឡើងជិត២០ឆ្នាំមកហើយ បើទោះបីមានការអន្តរាគមន៍ទប់ស្កាត់ពីលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលក៏ដោយ ក៏ម្ចាស់លុយ និងលោកព្រះរាជអាជ្ញារងម្នាក់ នៅតែមិនខ្លាច បំពានលើសិទ្ធិរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ដីដដែល។
បើតាមសម្តីរបស់ស្ត្រីឈ្មោះ ចិន ផល្លីម អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០១ រូបគាត់ និងប្តីបានយកប្លង់ដី ដែលមានទំហំក្បាល១៦ម៉ែត្របណ្តោយ៥០ម៉ែត្រ ទៅដាក់បញ្ចាំតម្លៃ១ពាន់ដុល្លារអាមេរិក (ដោយបានធ្វើកិច្ចសន្យាក្នុងមួយខែការប្រាក់៣០ដុល្លារ) ទៅអោយឈ្មោះ ជិន សួរ ជាប្តី មានអាយុជាង៥០ឆ្នាំ និងប្រពន្ធ មានឈ្មោះ ឆេង អេង អាយុជាង៥០ឆ្នាំដូចគ្នា រស់នៅក្នុងភូមិទេពប្រណម ឃុំវិហាលួង ស្រុកពញាឮ ខេត្តកណ្តាល។
ស្ត្រីដដែល បានបន្តថា ដោយរំលងបានមួយខែ បន្ទាប់គាត់បានបង់ការប្រាក់ចំនួន៣០ដុល្លារដូចដែលការសន្យានោះ ស្រាប់តែចូលដល់ខែមករា ឆ្នាំ២០០២ គាត់យកលុយចំនួន៣០ដុល្លារទៅបង់ដូចមុន បុរសពីរនាក់ប្តីប្រពន្ធនោះ បែរជាមិនយកលុយ ហើយនិយាយថា ម្ចាស់ដីបានលក់ផ្តាច់អោយបុរសពីរនាក់ប្តីប្រពន្ធនោះទៅវិញ ហើយមិនតែប៉ុណ្ណោះលោក ជឹម វ៉ាន អាយុ៦២ឆ្នាំ អតីតមេភូមិស្រះពោធិ៍ ក៏បានមកប្រាប់គាត់ជាម្ចាស់ដីថា ម្ចាស់លុយនិយាយប្រាប់គាត់ថា ម្ចាស់លុយថា គាត់លក់ផ្តាច់ហើយ។ គាត់ក៏មិនអស់ចិត្ត បានប្តឹងផ្តល់គ្នារហូតមក។ លុះដល់ឆ្នាំ២០០៩ ដោយពួកគាត់រវល់តែរកស៊ីលក់ដូរចិញ្ចឹមកូនៗ ដែលនៅតូចៗនោះ ស្រាប់តែសមត្ថកិច្ចស្រុកពញាឮ ដែលដឹកនាំដោយមន្ត្រីតុលាការខេត្តកណ្តាលផងនោះ បានមកធ្វើការឃាត់ខ្លួនប្តីរបស់គាត់យកទៅឃុំមួយយប់មួយថ្ងៃ ដោយមានការអន្តរាគមន៍ពីអាជ្ញាធរ ទើបមន្ត្រីតុលាការ និងសមត្ថកិច្ចធ្វើការដោះលែងប្តីគាត់មកវិញ។
ស្ត្រីដដែល បានបន្តទៀតថា រឿងរ៉ាវចេះតែបន្តរហូតចាប់តាំងពីឆ្នាំ២០០១-២០០៩ រហូតមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ មានសមត្ថកិច្ច និងលោក ហេង ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះមកនិយាយប្រាប់គាត់ថា ចង់រុះរើខ្លួនឯង ឬចង់អោយសមត្ថកិច្ចចុះរុះរើផ្ទះនេះចេញ។ ភ្លាមៗនោះរូបគាត់និយាយថា ខ្ញុំមិនបានលក់ដីនេះទៅអោយអ្នកណានោះឡើយ គាត់គ្រាន់តែដាក់បញ្ចាំតែប៉ុណ្ណោះ បើទោះបីគាត់ និងប្តី ព្រមទាំងកូនៗរបស់គាត់យកកិច្ចសន្យាបញ្ចាំប្លង់ដីមកបង្ហាញលោកព្រះរាជ្ញារងរូបនោះយ៉ាងណាក៏ដោយ ក៏គេមិនចាប់អារម្មណ៍មិនខ្វល់ឡើយ ហើយដោយមានការភ្ញាក់ផ្អើលចោមរោមមើលពីសំណាក់ប្រជាពលរដ្ឋច្រើន ទើបកម្លាំងសមត្ថកិច្ច និងលោកព្រះរាជអាជ្ញាររងរូបនោះត្រឡប់ទៅវិញទៅ។
ស្ត្រីដដែល បានបន្តថា ដោយគិតថារឿងនេះអយុត្តិធម៌ គាត់បានដាក់ពាក្យបណ្តឹង ដើម្បីអោយអាជ្ញាធរស្រុក ខេត្តជួយអន្តរាគមន៍ជួយទប់ស្កាត់។ លុះរហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានចេញលិខិតអន្តរាគមន៍ជួយទប់ស្កាត់ ផ្អាកការអនុវត្តន៍ដោយបង្ខំក្នុងសំណុំរឿងអនុវត្តន៍ ដោយបង្ខំលេខ០១៥អនុវ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងខេត្តកណ្តាលកន្លងទៅនោះ។
ស្ត្រីជាម្ចាស់ដី បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ជាពិសេសសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីមេត្តាជួយរកយុត្តិធម៌អោយរូបគាត់ផង។
ដោយឡែកស្ត្រីម្នាក់ទៀត ឈ្មោះ ឡឹង សុខុម អាយុ៤៧ឆ្នាំ ជាមេផ្ទះ ត្រូវជាប្អូនរបស់ស្ត្រីម្ចាស់ដីខាងលើ បាននិយាយថា គ្រាន់តែរឿងដាក់ប្លង់ដីបញ្ចាំសោះ ម្ចាស់លុយថា លក់ដីទៅវិញគាត់យល់ថា ជារឿងអយុត្តិធម៌បំផុត ការដាក់បញ្ចាំនោះ គាត់ក៏បានដឹងឮ មានទាំងកិច្ចសន្យាថែមទៀតផង។ ដូចនេះរូបគាត់បានធ្វើការសំណូមពរដល់អាជ្ញាធរពាក់ពន្ធ័ ជាពិសេសសម្តេចតេជោសែន មេត្តាជួយរកយុត្តិធម៌អោយបងស្រីរបស់គាត់ផង។
ពាក់ពន្ធ័និងរឿងដាក់បញ្ចាំប្លង់ដីប្រែក្លាយទៅជាអស់លោកអ្នកមានលុយមានអំណាចប្រុងមករំលោភយកដីប្រជាពលរដ្ឋទាំងបំពាននោះ លោកមេភូមិស្រះពោធិ៍ បាននិយាយថា លោកបានដឹង និងបានឃើញកិច្ចសន្យាថា ដាក់បញ្ចាំតែប៉ុណ្ណោះ មិនឃើញមានការលក់ផ្តាច់អ្វីនោះទេ។ហើយការធ្វើទង្វើរបស់ថ្នាក់លើ លោកតុលាការខេត្ត ហាក់បីដូចជារំលោភបំពានមកលើសិទ្ធិរបស់ប្រជាពលរដ្ឋរបស់លោកពេកហើយ សូមអោយអស់លោកអ្នកច្បាប់ ចុះពិនិត្យធ្វើការអង្កេតម្តងទៀតផង៕









