header ads

Sponsor

បន្ទាយមានជ័យៈ អ្នកក្លែងត្រាដោយខុសច្បាប់ម្នាក់ ត្រូវសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹម សម្ផស្ស ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកនាយការិយាល័យ បានបញ្ជាក់ថា ជនរងគ្រោះជាពលករជាច្រើននាក់ បានប្តឹងមកការិយាល័យជំនាញ​ពីបទចេញលិខិតឆ្លងដែនក្លែងក្លាយជួនពួកគាត់។ ពលករថ្លែងថា​ ពួកគាត់ទើបតែដឹងថា លិខិតដែលពួកគាត់កាន់សម្រាប់ចូលទៅធ្វើការនៅក្នុងប្រទេសថៃ សុទ្ធតែក្លែងក្លាយ​ បន្ទាប់ពីសមត្ថកិច្ចថៃត្រួតពិនិត្យ​។

ក្រោយទទួលបានបណ្តឹងភ្លាម លោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជា កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បើកការស៊ើបអង្កេតស្រាវជ្រាវភ្លាមៗ។ ជាលទ្ធផលកម្លាំងជំនាញបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ឹម សម្ផស្ស នៅវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

នៅចំពោះមុខសមត្ថកិច្ចជំនាញ​ ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាអ្នកបោះត្រាពន្យាលើលិខិតឆ្លងដែន របស់ពលករដែលហួសកាលបរិច្ឆេតនោះមែន ដោយយកក្នុងតម្លៃ៤០០បាតសម្រាប់លិខិតឆ្លងដែនមួយ​ ហើយការធ្វើនេះ គឺចាប់តាំងពីឆ្នាំ២០១៧មកម្លេះ។

ជនសង្ស័យបានបញ្ជាក់ផងដែរថា​ កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ រូបគេធ្លាប់បានធ្វើការងារនៅកន្លែងស្ថានទូតខ្មែរ នៅទីក្រុងបាងកក ផ្នែកខាងពន្យាពេលលិខិតឆ្លងដែន ពេលចាប់ការងារខ្លួនបានត្រឡប់មកនៅប៉ោយប៉ែត ដោយបានទិញត្រាឆ្ពាន់ទូតមួយឈុត។​ ដោយផ្អែកលើបណ្តឹង ជនរងគ្រោះជាពលករ និងចម្លើយសារភាពជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post