
ភ្នំពេញៈ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច RULES ជាង៣ពាន់នាក់ ដែបាបញ្ចបការសិក្សាដោយជោគជ័យ ធ្វើឡើងនៅមជ្ឈមណ្ឌកោពេជ្រ កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែមីនាឆ្នាំ ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីករណីក្លិបកម្សាន្តរ៉ុកលក់គ្រឿងញៀនថា ត្រូវតែរកឲ្យឃើញដល់ឬសគល់ និងអ្នកនៅពីក្រោយនៃអំពើល្មើសគួរឲ្យស្អប់ខ្ពើមនោះ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “ឥឡូវនេះ ស្ថានភាពបានផ្លាស់ប្តូរច្រើនហើយ វាស្ទើរតែទាំងស្រុង ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរមកតាមផ្លូវនេះ ស្ទើរតែរៀងរាល់ថ្ងៃ ធ្វើដំណើរឆ្លងកាត់សាលាមួយនេះ ដែលនៅមិនឃ្លាតឆ្ងាយពីសាលាបឹងត្របែក គឺសាកលវិទ្យាល័យ ប៉ុន្តែឆ្លងកាត់អាកន្លែងចង្រៃមួយនោះ ដែលទើបរកឃើញថ្មីៗនេះ ក្លិបរ៉ុកលក់ថ្នាំញៀន”។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ហេតុអ្វីបានជាកន្លែងមួយនេះ ទៅជាតំបន់បំផ្លាញនូវសេចក្តីសុខរបស់ប្រជាជន? សម្តេចពិតជាមានការរីករាយណាស់ដែលនគរបាលរបស់យើង បានបង្ក្រាបទាន់ពេលវេលាគួរតែបង្ក្រាបឲ្យបានមុននឹងទៅទៀត ប៉ុន្តែយើងទើបនឹងបង្ក្រាបបានជិតក្បែរសាលា ស្រាប់តែមានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះទៅវិញ។ ដូច្នេះសម្តេចសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងបន្តចាត់វិធានការលើបញ្ហានេះ បូកជាមួយនឹងដំណើរការក្តីរបស់តុលាការ ត្រូវតែម៉ឺងម៉ាត់ជាមួយនឹងការមិនវិលត្រលប់ នៃអំពើពាលាអាវ៉ាសែ សម្រាប់កន្លែងមួយនេះ “មជ្ឈមណ្ឌលរ៉ុក” ដែលត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ត្រូវស្វែងរកឲ្យដល់ទីជម្រៅនូវមេក្លោងរបស់វានេះ។ អញ្ចឹងត្រូវរកឲ្យឃើញ ព្រោះអ្វីដែលមានក្នុងដៃរួចមកហើយជាមធ្យោបាយឈានទៅរកការជីកឫសគល់ នៃអ្នកជួញគ្រឿងញៀន ក៏ដូចជា អ្នកពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ស ថេត និងដោយមានការដឹកនាំសម្របសម្រួលពីលោក លី សុផាណា ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌចំការមន និងកម្លាំងអន្តរាគមន៍ ពិសេសស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបង្ក្រាបក្នុងបទល្មើសជាក់សែ្តងទីតាំងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់សម្រួល និងចាត់ចែងដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងចម្រុះបានត្រួតពិនិត្យទីតាំងខាងលើ ចំនួន១៥បន្ទប់ ឃាត់ខ្លួនមនុស្ស ចំនួន៣១១នាក់ (ប្រុស២៥៦នាក់ ស្រី៥៥នាក់) និងចាប់យកបានវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីសាកសួរ។
វត្ថុតាងសារធាតុញៀនចាប់យកសរុបរួម៖ ថ្នាំគ្រាប់អិចស្តាស៊ី គ្រវី១២គីឡូក្រាម ២១៩.២៦ក្រាម, កេតាមីន (Ketamine) ៨គីឡូក្រាម ៩៣៥.០៦ ក្រាម, ថ្នាំបន្សាប (Nimetazepam)៣០៥.១០ក្រាម, មេតំហ្វេតាមីន (ICE)១.៦ ក្រាម, ហេរ៉ូ អ៊ីន (Heroine) ០.៦១ក្រាម, សរុបសារធាតុញៀនទម្ងន់ ២១ គីឡូក្រាម ៤៦១,៦៣ ក្រាម, កញ្ឆាក្រៀម ទម្ងន់៦៦,៤៣ក្រាម, ធ្វើតេស្តិ៍បឋមមិនច្បាស់លាស់ទម្ងន់១៥,១៤គីឡូក្រាម (សង្ស័យធាតុគីមី) សំបកវេចខ្ចប់ (សំបកកែវចំនួន២៤៧, សំបកកេសនិងថង់ផ្លាស្ទីកមួយចំនួន) ទម្ងន់ប្រហែល១២គីឡូក្រាមសរុបរួមទម្ងន់៖ ៤៩,៤៤គីឡូក្រាម។
ប្រភពដែលជិតស្និតលោកឧកញ៉ា គិត ធាង បានឲ្យដឹងថា ខណៈពេលនេះ លោកឧកញ៉ាមិននៅក្នុងប្រទេសកម្ពុជាឡើយ ចាប់តាំងពីថ្ងៃសមត្ថកិច្ចបង្ក្រាបមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលជាកន្លែងប្រើប្រាស់គ្រឿងញៀន និងជាកន្លែងបំផ្លាញសង្គមជាតិ ធ្វើឲ្យប្រទេសជាតិបាក់មុខមាត់នោះ។
ប៉ុន្តែមនុស្សទាំង៣១១នាក់ គឺមានតែ១៧នាក់ប៉ុណ្ណោះ ជាប្រភេទក្មេងញៀនថ្នាំ ត្រូវបានបញ្ជូនមកតុលាការ។ ចំណែកជនជាតិចិន ចំនួន១៣នាក់ ត្រូវបញ្ជូនទៅប្រទេសកំណើត។ រីឯមនុស្សជាង២០០នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញទាំងអស់ សូម្បីឧកញ៉ា គិត ធៀង ជាម្ចាស់អាជីវកម្មដែលបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរមិនឲ្យមានការជួញដូរគ្រឿងញៀន ក៏អត់មានទោសពៃ ឬត្រូវចាប់ខ្លួនមកសួរនាំអំពីការចរាចរណ៍គ្រឿងញៀនយ៉ាងសន្ធឹកនេះដែរ៕

