header ads

Sponsor

ភ្នំពេញៈ យ៉ាងហោចណាស់ មនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្តបន្ទាប់គ្នា ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូអាគុបមួយគ្រឿង បើកបរដោយបុរសម្នាក់បត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសនារី២នាក់ កំពុងជិះម៉ូតូ Click ឌុបគ្នា ធ្វើដំណើរស្របទិសគ្នាមកពីក្រោយ ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យរងរបួសទាំងសងខាង កាលពីវេលាម៉ោង៨៖៤៥នាទីយប់ ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានចិនសាងសង់អាគារខ្ពស់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង កម្លាំងម៉ាស៊ីន 90Cc ពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល 1I-6704 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបត់ឆ្លងផ្លូវ ដោយមិនមានការប្រុងប្រយ័ត្ន ទទឹងផ្លូវតែម្ដង ធ្វើឲ្យម៉ូតូមួយគ្រឿងទៀត  ម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HB-2700 បើកបរដោយបុរសម្នាក់ ឌុបនារីម្នាក់ទៀត កំពុងធ្វើដំណើរស្របទិសគ្នាពីក្រោយនោះ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពេញមួយទំហឹងតែម្ដង បណ្តាលឲ្យភាគីទាំងសងខាង ខ្ទាតផ្លោងបោកនឹងថ្នល់ទាំងអស់គ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូអាគុប បែកក្បាលសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ និងអ្នកបើកម៉ូតូ Click រងរបួសធ្ងន់គួរសម រីឯអ្នកនារីម្នាក់ ជាអ្នករួមដំណើរ បានរងរបួសរលោតដៃរលោតជើង។

បន្តិចក្រោយមក អ្នកបើកបរម៉ូតូ Click បានហៅរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកឯនារីម្នាក់ ដែលរួមដំណើរជាមួយបានរងចាំនៅកន្លែងកើតហេតុ និងទាក់ទងទៅកាន់ក្រុមគ្រួសារមកជួយដោះស្រាយផងដែរ។ ចំណែកឯម្ចាស់ម៉ូតូអាគុប បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងកណ្តាលផ្លូវនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើ ទាក់ទងហៅរថយន្តគិលានសង្គ្រោះមួយគ្រឿងរបស់មន្ទីរសម្រាកព្យាបាល ហុងហាក់ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលចាក់អង្រែលើ សហការជាមួយកម្លាំងសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការនគរបាលខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ  ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post