header ads

Sponsor

សៀមរាបៈ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានប្រកាសដោយបើក​ចំហថា លោកនៅតែនិយាយពាក្យថា អ្នកកាសែតមួយចំនួន ជាកាសែតជជុះ។

ការលើកឡើងបែបនេះ គឺនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ពេលដែលលោកអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខា សៀមរាប។ ជាមួយគ្នានោះ លោកក៏បានអរគុណអ្នកកាសែត ដែលបានវាយប្រហារមកលើរូបលោកផងដែរ។ តែលោកបញ្ជាក់ថា មិនមែនទាំងអស់នោះទេ។
លោកអភិបាលខេត្ត បានលើកឡើងថា អរគុណអ្នកកាសែត ដែលបានវាយប្រហារខ្ញុំខ្លះៗ ផងដែរ ក្នុងរយៈពេលខ្លីមកនេះ ខ្ញុំគិតថា ជាការសប្បាយចិត្ត។ មានន័យថា គេចាប់អារម្មណ៍ខ្ញុំខ្លាំង។ តែការវាយប្រហារនេះ ក៏មិនមានអ្វីធ្ងន់ធ្ងរនោះដែរ។ ប៉ុន្តែការវាយប្រហារខ្លះ មានន័យថា ធ្វើឲ្យអាជ្ញាធរ ទៅប្រឈមជាមួយប្រជាពលរដ្ឋ ដោយមិនមានការពិត។ ផ្សាយព័ត៌មាន មិនមានមូលដ្ឋាន មិនមានប្រភពច្បាស់លាស់។ ដូចជាមន្ទីររ៉ែ និងថាមពលក៏ត្រូវ មន្ទីរធនធានទឹកក៏ត្រូវ អាជ្ញាធរអប្សរាក៏ត្រូវ អភិបាលរងខេត្តក៏ត្រូវ មេបញ្ជាការកងរាជអាវុធហត្ថក៏ត្រូវ ស្នងការនគរបាលខេត្តក៏ត្រូវ។ ក្រៅពីនោះ ដូចជាការគោរពទង់ជាតិជាដើម មិនទាន់ដល់ពេលគោរព  គ្រាន់តែឈរលូកហោប៉ាវ ក៏វាយប្រហារ។ នេះហើយពួកកាសែតជជុះ។ ចឹងទេ ខ្ញុំនៅតែនិយាយថា កាសែតជជុះដដែល។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោក ទៀ សីហា អភិបាលខេត្តសៀមរាប លើកឡើងជាចំហថា អ្នកកាសែតជជុះ នៅក្នុងហ្វូងមន្ត្រីរាជការរាប់រយនាក់។

ក្នុងករណីនេះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌​មានខេត្តសៀមរាប បានបញ្ជាក់ថា លោករំពឹងយ៉ាងមុតមាំថា លោកអភិបាលខេត្តសៀមរាប នឹងឈប់ហៅថា អ្នកកាសែតជជុះ ក្រោយពេលរូបលោក រៀបចំជួបជុំអ្នកកាសែតនៅនៅចុងខែមីនានេះ និងបើកសិក្ខាសាលាមួយសម្រាប់អ្នកកាសែត នៅខេត្តសៀមរាប នាចុងខែមិថុនាខាងមុខ។
លោកបន្តថា សូមអ្នកកាសែតទាំងអស់ ប្រកាន់ជំហ​រគោរពក្រមសីលធម៌​ និងវិជ្ជាជីវៈ។ ត្រូវស្វែងរកប្រភពឲ្យច្បាស់លាស់ មុនពេលចេញផ្សាយ ជៀសវាងការវាយប្រហារ ប៉ះពាល់ដល់កិត្តិយសអ្នកដទៃ៕
ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post