
ភ្នំពេញៈ បុរសជនជាតិតៃវ៉ាន់ម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយនឹងនារីជាសង្សារ រហូតកើតជាហិង្សាដាក់នាង បណ្ដាលឲ្យរងរបួស និងបង្ខាំងនៅក្នុងបន្ទប់មិនឲ្យចេញទៅក្រៅថែមទៀតផង។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចបុរីពិភពថ្មីខាងមុខផ្សារទំនើបម៉ាក្រូ ផ្ទះលេខ96A ផ្លូវលេខNW-02 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ Dalex ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលជិតផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកឯបុរសជាសង្សារ មិនបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹកថា ជាជនជាតិតៃវ៉ាន់ វ័យប្រហែល៤០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
បើតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានសាច់ញាតិរបស់នារីរងគ្រោះខាងលើ បានទូរស័ព្ទមកប្តឹងថា មានករណីបុរសជាជនជាតិតៃវ៉ាន់ម្នាក់ បានប្រើប្រាស់អំពើហិង្សា និងបង្ខាំងនារីរងគ្រោះជាសង្សារនៅក្នុងផ្ទះកើតហេតុខាងលើ។ បន្ទាប់ពីបានទទួលព័ត៌មានរួចមក កម្លាំងពួកគាត់ ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្ដង តែខណៈពេលនោះក៏ឃើញនារីរងគ្រោះខាងលើ បានវាយចេញពីក្នុងបន្ទប់មកវេរ៉ដាខាងក្រៅជាន់ទី១ ដោយក្នុងទុនទ្រុឌទ្រោម។ រួចមកកម្លាំងសមត្ថកិច្ចក៏បានទៅគោះទ្វារផ្ទះកើតហេតុ ដើម្បីចូលទៅសួរនាំ ប៉ុន្តែបែរជាមានជនជាតិតៃវ៉ាន់ប្រុសៗពីរទៅបីនាក់ផ្សេងទៀត ដែលស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ បានចេញមកមើលប៉ុន្តែមិនព្រមបើកទ្វារនោះទេ។
លុះមួយសន្ទុះក្រោយមក ទើបបុរសជនជាតិតៃវ៉ាន់រូបនោះ ព្រមនាំនារីរងគ្រោះជាសង្សារចុះមកជួបសមត្ថកិច្ចនៅខាងក្រោម ដោយនារីរងគ្រោះមានរងរបួសរយះជើងខាងស្តាំ និងហើមមុខ ហើមមាត់ថែមទៀតផង។ ហើយដោយឃើញស្ថានភាពដូច្នេះ កម្លាំងសមត្ថកិច្ចក៏បានធ្វើការចាប់ឃាត់ខ្លួនបុរសជាជនជាតិតៃវ៉ាន់ខាងលើតែម្តង ដើម្បីនាំយកទៅសួរនាំ ប៉ុន្តែបែរជានារីរងគ្រោះជាសង្សារស្រែកទ្រហោយំមិនព្រមឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនសង្សារជនជាតិតៃវ៉ាន់ខាងលើទៅវិញ។
ប្រភពពីបុរសម្នាក់ ដែលជាមេជាងនៅហាងអ៊ុតសក់របស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST យើងដែរថា នារីរងគ្រោះនិងបុរសជនជាតិតៃវ៉ានខាងលើ បានស្គាល់គ្នានិងស្រលាញ់គ្នាអស់រយៈពេលជាង៦ខែមកហើយ ដោយមិនដែរមានបញ្ហាអ្វីនោះទេ។ ហើយកាលពីយប់ថ្ងៃ៦ ខែមីនា នៅមុនពេលកើតហេតុ នារីរងគ្រោះបាននាំបុរសជាសង្សារដែលជាជនជាតិតៃវ៉ាន់ខាងលើទៅចូលរួមកម្មវិធីខួបកំណើរប្អូនប្រុសរបស់នាង នៅក្នុងខារ៉ាអូខេមួយកន្លែង ដោយមានការផឹកស៊ីរាំច្រៀងយ៉ាងសប្បាយរីករាយ។ លុះពេលរៀងស្រវឹងស្រឿងៗរៀងៗខ្លួន ស្រាប់តែបុរសជនជាតិតៃវ៉ាន់នោះ កើតចិត្តប្រច័ណ្ឌ និងអន់ចិត្តទៅលើនារីរងគ្រោះដែលជាសង្សារ ដោយបាននិយាយថា “ហេតុអ្វីចងចាំតែថ្ងៃខួបកំណើតប្អូន ចុះថ្ងៃខួបកំណើតរបស់គាត់ម៉េចក៏មិនចាំដែលចឹង” រហូតកើតជាការឈ្លោះប្រកែកគ្នារវាងពួកគេទាំងពីរ។ ពេលនោះក៏មានមិត្តភក្ដិដែលចូលរួមក្នុងកម្មវិធីនេះ បានជួយសម្របសម្រួលពួកគេរហូតត្រូវរូវគ្នា។ ទើបនារីរងគ្រោះ និងបុរសជនជាតិតៃវ៉ាន់ជាសង្សារនោះ នាំគ្នាត្រលប់មកផ្ទះកើតហេតុដែលជាផ្ទះរបស់បុរសជាសង្សារវិញ។
ប្រភពដដែលបានបន្តថា លុះដល់ម៉ោង១រំលងអធ្រាត្រថ្ងៃកើតហេតុ ស្រាប់តែនារីរងគ្រោះទូរស័ព្ទមកប្រាប់ថា បុរសជនជាតិតៃវ៉ាន់នោះ បានវាយនាងស្ទើស្លាប់ហើយ និងបិទទ្វារចាក់សោមិនឲ្យចេញក្រៅឡើយ ។ ទើបរូបគាត់ប្រញាប់ទូរស័ព្ទប្រាប់បងស្រីនារីរងគ្រោះឲ្យបានដឹង រួចរាយការណ៍ប្រាប់ខាងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅជួយធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ បុរសជនជាតិចិនខាងលើ ត្រូវបាសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរបន្ត ចំណែកនារីរងគ្រោះឃើញទំនងជាអាណិតជនជាតិចិននោះពេក ទាំងខ្លួនឯងមានស្នាមជាំនៅលើផ្ទៃមុខ និងមានរបួសជើងចេញឈាមក៏ដោយ បែរជាស្រែកទ្រហោយំ ហើយកុហកសមត្ថកិច្ចថា ជនជាតិចិននោះមិនបានធ្វើអ្វីដាក់រូបនាងឡើយ ហើយក៏មិនព្រមប្ដឹងជនជាតិចិននោះទេ។ យ៉ាងណាក្ដី ទោះជានារីរងគ្រោះមិនព្រមប្ដឹងក៏ដោយ សមត្ថកិច្ចបានឃុំខ្លួនជនជាតិចិនខាងលើបណ្ដោះអាសន្ន រងចាំសាកសួរបន្តនៅព្រឹកននេះ៕

















