
ភ្នំពេញៈ ស្ត្រីម្នាក់ ដើរកាន់កាបូបឌឺចោរ ដោយកាន់ដើរលើកបាំងថ្ងៃ ចោរបានដៃ ឆក់យកទៅបាត់ រីឯលោកចោរនោះទៀតសោតឌឺប៉ូលិស ខណៈដែលសកម្មភាពឆក់អាសូរតែនៅឆ្ងាយ នៅមុខប៉ុស្តិ៍តែម្តង។
ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវរថភ្លើង ខាងមុខប៉ុស្តិ៍កាកាប២ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះ គ្រាន់តែដឹងថា ជាអ្នកគូកជេរដី មានទីលំនៅ ក្បែរកន្លែងកើតហេតុ ចំណែកសម្ភារៈ បាត់បង់ ក្នុងកាបូប លុយចំនួន១៦៥០ដុល្លារ ខ្សែដៃ ខ្សែក សរុបទម្ងន់៣,៣តម្លឹង ទូរស័ព្ទចំនួន៣គ្រឿង បាត់ដោយសុវត្ថិភាព ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះ ដើរថ្មើរជើង២នាក់ប្តី ចេញពីផ្ទះ ក្នុងបំណង់រកម៉ូតូកង់បីជិះ ប្តីដើរមុខ ប្រពន្ធដើរក្រោយ ដើរដល់ចំណុចផ្លូវរថភ្លើងខាងមុខប៉ុស្តិ៍កាកាប២ ដោយស្រ្តីរងគ្រោះធ្វេសប្រហែស ដើរបណ្តើរ យកកាបូបបាំងថ្លៃបណ្តើរ ស្រាប់តែលោកចោរ ឆក់គ្មានមេត្តា គ្នា២នាក់ ជិះម៉ូតូ PCX ពណ៌ស មិនចាំស្លាកលេខ មកដល់ ចាប់ហូត យកកាបូបពីដៃ បានសម្រេច ជិះរត់គេច តាមផ្លូវបេតុង ជាប់ប៉ុស្តិ៍ទៀត ទៅទិសខាងលិច បាត់ស្រមោល ។
ក្រោយកើតហេតុ នឹកស្តាយទ្រព្យលុយកាក់ ប្តីខំរកទ្រហោយំ ចូលប្តឹងប៉ូលិស ប៉ុស្តិ៍នៅជាប់នោះស្រាប់ ដើម្បីឲ្យជួយស្រាវជ្រាវ៕



