
ការឆ្មក់បង្ក្រាបឈើប្រណីតរបស់មេឈ្មួញឈ្មោះ ណុប ឌី នេះ ធ្វើឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែច្រាប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីជំនាញ បាននិយាយអោយដឹងថា បន្ទាប់ពីទទួលព័ត៌មានពីបណ្តាញរួចមក បានរាយការណ៍ទៅលោកអភិបាលខេត្តថា មេឈ្មួញរកស៊ីបទល្មើសព្រៃឈើឈ្មោះ ណុប ឌី កំពុងតែលើកជញ្ជូនឈើប្រណីតដាក់លើរថយន្តធុនធំ(យីឌុប)នៅតំបន់ភូមិស្រែច្រាបនោះ ទើបលោក បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ មិនលើកលែងដាច់ខាតរាល់ការប្រព្រឹត្តល្មើសសច្បាប់ និងការកាប់បំផ្លាញធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ស្ពឺនោះ។
បើតាមការអោយដឹងពីជំនាញ បាននិយាយថា មេឈ្មួញល្បីឈ្មោះ ណុប ឌី ហៅឆើត នេះទើបតែមករកស៊ីបទល្មើសព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺ បានរយៈពេលជិត១ខែប៉ុណ្ណោះ បន្ទាប់ពីចាកចេញពីខេត្តពោធិ៍សាត់នោះ។ ហើយការដឹកជញ្ជូនឈើប្រណីតនេះ មេឈ្មួញរូបនេះបានបញ្ជាកូនចៅដឹកចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់តំបន់អូរត្រាវ និងខេត្តកោះកុងផងដែរ។ ដែលគេដឹងថា ការដឹកជញ្ជូនបទល្មើសនេះ ឃុបឃិតគ្នាជាលក្ខណៈជាប្រពន្ធ័ ទើបប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ ជាក់ស្តែងបើខ្មោចក្នុងមិនអោយដៃទេ នោះខ្មោចក្រៅ ក៏មិនហ៊ានដែរ(ហើយគួរអោយសោកស្តាយបំផុតនោះ គឺឈើប្រណីតពេញមួយរថយន្តម៉ាកយីឌុប)របស់មេឈ្មួញឈ្មោះ ណុប ឌី ហៅឆើតនោះ បានរត់គេចខ្លួន បន្ទាប់ពីបែកការនោះ គឺបន្ទាប់ពីមានការរាយការណ៍រកកម្លាំងសហការជាមួយសមត្ថកិច្ចស្រុកឱរ៉ាល់នោះ។
ប្រភពមួយទៀតបង្ហើបថា បើចង់បង្ក្រាបមែនសូមថ្នាក់លើកុំប្រាប់សមត្ថកិច្ចមូលដ្ឋានអី សុទ្ធសឹងជាបក្ខពួករបស់គេទេ ជាពិសេសសមត្ថកិច្ចស្រុកឱរ៉ាល់តែម្តង អ្នកណាៗមិនស្គាល់ឈ្មោះណុប ឌី ហៅឆើតនោះ។
បើតាមសម្តីរបស់មន្ត្រីអាវុធហត្ថនិយាយថា កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រោមបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដូចមានខាងក្រោម ៖១-ឈើធ្នង់ ឈើសុក្រំ ឈើម្រេញ សរុបបឋមមានប្រមាណចន្លោះពី៣ទៅ៤ម៉ែត្រគូប ដោយមេឃយប់ទៅហើយ បានដាក់កម្លាំងយាមកាមយ៉ាងយកចិត្តទុកដាក់បំផុតខ្លាចក្រែងមេឈ្មួញឈ្មោះ ណុប ឌី ហៅឆើតរូបនោះបញ្ជាកូនចៅមករំដោះយកឈើទាំងនោះរត់ចូលក្នុងព្រៃបាត់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕





