header ads

Sponsor

ភ្នំពេញៈ ក្រុមគ្រួសារប្រជាពលរដ្ឋក្រីក្រមួយ រួមមានលោក អាំង ប៊ុនថុន ជាឪពុក អ្នកស្រី សែម ទូច ត្រូវជាម្ដាយ និងលោក ធុច ចាន់សេងហុង ត្រូវជាកូន បានដង្ហោយរកយុត្តិធម៌ បន្ទាប់ពីបុគ្គលម្នាក់ ឈ្មោះ ហេង ហួ ដែលអួតអាងថា ជាមន្ត្រីមានបុណ្យស័ក្តិ ហើយបោកប្រាស់គ្រួសារពួកគាត់ រហូតដល់មានការផ្ទេរកម្មសិទ្ធិផ្ទះមួយកន្លែង ព្រោះតែរឿងចងការប្រាក់។

លោក អាំង ប៊ុនថុន ដែលត្រូវជាឪពុក បានរៀបរាប់ឲ្យដឹងថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៤កន្លងទៅ លោកបានស្នើខ្ចីប្រាក់ពីឈ្មោះ ហេង ហួ ដែលអះអាងថា ជាមន្ត្រីកងរាជអាវុធហត្ថមានបុណ្យស័ក្តិ ចំនួន២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ដោយឈ្មោះ ហេង ហួ គិតការប្រាក់ទាប តែ២៥០ដុល្លារប៉ុណ្ណោះ ក្នុង១ខែ។ ប៉ុន្តែការខ្ចីប្រាក់នោះ ឈ្មោះ ហេង ហួ ពុំទាន់ប្រគល់ប្រាក់កម្ចីនោះ មកឲ្យខ្លួននោះទេ តែឈ្មោះ ហេង ហួ បានទាមទារឲ្យខ្លួនផ្ទេរកម្មសិទ្ធិដី និងផ្ទះ ដែលមានទីតាំងផ្ទះលេខ៣៥ ផ្លូវលេខ៣៣៧ ក្រុម១៧ ភូមិ៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅឲ្យខ្លួន (ហេង ហួ) សម្រាប់ដាក់ធានាលើប្រាក់កម្ចីជាមុនសិន។

លោក អាំង ប៊ុនថុន បន្តថា ពេលដែលផ្ទេរសិទ្ធិរួចហើយ ឈ្មោះ ហេង ហួ នៅតែមិនប្រគល់លុយខ្ចីឲ្យខ្លួននោះទេ ហើយពេលនោះ ខ្លួនបានឲ្យឈ្មោះ ហេង ហួ ផ្ទេរសិទ្ធិមកឲ្យគាត់វិញ បែរជាឈ្មោះ ហេង ហួ តបវិញថា បើចង់ឲ្យគាត់ផ្ទេរសិទ្ធិទៅវិញ លុះត្រាតែបង់ប្រាក់ឲ្យគាត់ចំនួន១០០,០០០ដុល្លារ(ដប់ម៉ឺនដុល្លារអាមេរិក)។ ពេលនោះ លោកមិនយល់ព្រមនោះទេ ព្រោះគាត់មិនបានលក់ផ្ទះនោះ ឲ្យភាគី ហេង ហួ ឡើយ វាគឺជាការដាក់បញ្ចាំតែប៉ុណ្ណោះ ហើយរហូតដល់អំឡុងឆ្នាំ២០១៦ ស្រាប់តែឈ្មោះ ហេង ហួ ដាក់ពាក្យប្តឹងខ្លួនទៀត។

បន្ទាប់ពីមានការប្តឹងផ្តល់ជាបន្តបន្ទាប់ លោក អាំង ប៊ុនថុន បានអះអាងថា ខ្លួនមិនបានទទួលនូវយុត្តិធម៌ឡើយ ទាំងនៅសាលាដំបូង និងសាលាឧទ្ធរណ៍ ដោយសារតែចៅក្រមនៅតុលាការទាំងពីរ មិនព្រមពិនិត្យឲ្យច្បាស់លាស់នូវភាពត្រឹមត្រូវតាមផ្លូវច្បាប់ ដែលមេធាវីការពារក្តី និងជនរងគ្រោះ បានដាក់ជូនតុលាការនោះឡើយ។

ជនរងគ្រោះ និងគ្រួសារ បានអំពាវឲ្យតុលាការកំពូល និងសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធ៌មដល់គ្រួសារគាត់ផង ដោយសារបច្ចុប្បន្ននេះ គ្រួសារគាត់មានសមាជិកជាង២០នាក់ ដែលរស់នៅជុំគ្នា ដោយពឹងលើមុខរបរបន្តិចបន្តួចតែប៉ុណ្ណោះ ហើយបើសិនជាពួកគាត់បាត់បង់ទ្រព្យសម្បត្តិទាំងនេះ ដោយអយុត្តិធម៌ ពួកគាត់នឹងវេទនាជាមិនខាន។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណរបស់ឈ្មោះ ហេង ហួ នៅឡើយទេ ខណៈបុគ្គលម្នាក់នេះ បានយកមុខងារជាមន្ត្រីកងរាជអាវុធហត្ថ មកបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនចេះអក្សរ រៀបចំឯកសារក្លែងក្លាយមួយចំនួន ដើម្បីរំលោភយកទ្រព្យសម្បត្តិប្រជាពលរដ្ឋក្រីក្រទៅវិញ។

អង្គភាពសារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ ពីសំណាក់ឈ្មោះ ហេង ហួ ដែលអួតអាងជាមន្ត្រីកងរាជអាវុធហត្ថ ហើយរងការចោទថា បានដើរឆបោកប្រជាពលរដ្ឋក្រីក្រស្លូតត្រង់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post