header ads

Sponsor

(ស្វាយរៀង)៖ ស្ត្រីមេម៉ាយទីទាល់ក្រម្នាក់មានកូន៣នាក់បានដង្ហើយរកសប្បុរសជនឱ្យជួយខណៈពេលដែលកូនស្រីពៅរបស់គាត់មានអាយុទើបតែ៧ឆ្នាំ បានរងរបួសមេដៃឆ្វេង ដោយសារតែសត្វកណ្តុរខាំ ហើយកំពុងតែមានអាការៈក្តៅខ្លួនមិនបានទៅរៀនអស់រយៈពេលមួយសប្តាហ៍មកហើយ ។ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះឈ្មោះមាស ផល្លា អាយុ៤២ឆ្នាំ សព្វថ្ងៃមានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់មក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឱ្យដឹងថា៖ កូនស្រីរបស់គាត់ដែលត្រូវសត្វកណ្តុរខាំហើយរងរបួសគ្មានថ្នាំព្យាបាលនោះជាកូនពៅ ឈ្មោះ សៅ សុីណាត មានអាយុ៧ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី១ នៃសាលាបឋមសិក្សា២ធ្នូ ។

ម្ដាយជនរងគ្រោះបានបន្តទៀតថា៖ កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រូបគាត់ទាំង៤នាក់ ម្តាយនឹងកូនបានគេងក្នុងមុងជាមួយគ្នា តែចៃដន្យកូនស្រីរងគ្រោះបានដាក់ដៃចេញក្រៅមុង ហើយក៏ត្រូវសត្វកណ្តុរខាំចំមេដៃខាងឆ្វេងតែម្តង បណ្តាលឱ្យរងរបួសហើយក្រោយពីត្រូវសត្វកណ្តុរខាំបានមួយយប់ កូនរបស់គាត់ក៏កើតមានអាការៈក្តៅខ្លួន រួចរូបគាត់ក៏បាននាំកូនទៅសំរាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្ត បានរយៈពេល៣ថ្ងៃក៏សុំគ្រូពេទ្យត្រឡប់មកផ្ទះវិញ ដោយសារពេទ្យមិនមានថ្នាំសំរាប់ព្យាបាលប្រភេទមុខរបួសខាងលើនេះ ។

ស្ត្រីដដែលបានបន្តថា៖ នៅពេលដែលកូនគាត់សំរាកនៅមន្ទីរពេទ្យខេត្តស្វាយរៀង គ្រូពេទ្យបានឱ្យរូបគាត់នាំកូនទៅភ្នំពេញ ដើម្បីព្យាលបាលពីព្រោះនៅមន្ទីរពេទ្យខេត្តគ្មានថ្នាំវ៉ាក់សាំងសំរាប់ចាក់ឱ្យទេ ។ ដោយសាររូបគាត់គ្មានមុខរបរអ្វីក្រៅពីដើរសុីឈ្នួលលាងចានឆ្នាំងឱ្យគេហើយកូនតូចៗនៅក្នុងបន្ទុករហូតដល់ទៅ៣នាក់ផង ទីទាល់ក្រ រកតែអង្ករច្រកឆ្នាំងស្ទើរមិនបានផង គាត់ក៏សំរេចចិត្តយកកូនមកផ្ទះដេកមើលតាមយថាកម្មតែម្តងទៅ ។ ឥលូវរូបគាត់មានតែលើកម្រាមដៃ ១០ប្រណមសុំដល់សប្បុរសជនទាំងទីជិតឆ្ងាយជួយគ្រួសារគាត់យកតែបុណ្យទៅចុះ ។

សូមបញ្ជាក់ថា៖ កាលពីជាង១០ឆ្នាំមុន ស្ត្រីជាម្តាយក៏ធ្លាប់ត្រូសត្វឆ្កែខាំបណ្តាលឱ្យរូបគាត់កើតជំងឺតេតាណូសចេះតែប្រកាច់ ហើយត្រូវបានបងស្រីរបស់គាត់ជួយយកអាសា កុំអីរូបគាត់ត្រូវស្លាប់ចោលកូនអស់ទៅហើយ។

ហេតុអ្វីគ្រាន់តែសត្វកណ្តុរខាំប៉ុណ្ណឹងសោះ មន្ទីរពេទ្យខេត្តពុំមានវ៉ាក់សាំងចាក់ការពារទៅហើយ តើនៅថ្ងៃខាងមុខគួរមានថ្នាំវ៉ាក់សាំងនៅតាមខេត្តរឺទេ ?
បើនៅខេត្តគ្មានថ្នាំការពារ ទាល់តែឡើងទៅភ្នំពេញទើបមាន តើអោយអ្នកក្រីក្រដូចពួកគាត់ធ្វើយ៉ាងណាទៅ ? ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post