header ads

Sponsor

ភ្នំពេញៈ តាំងពីព្រឹកព្រលឹម រហូតដល់ល្ងាចថ្ងៃទី៥ មិនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមប្រឹក្សាជំនូំជំរះសាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿងឧក្រិដ្ឋកម្មរបស់អតីតឧកញ៉ាថោង សារ៉ាត់ មកបើកសវនាការបន្ត ដោយអាវត្តមានជនជាប់ ថោង សារ៉ាត់។

សវនាការនាថ្ងៃនេះ តុលាការផ្ដោតសំខាន់លើការសាកសួរលើជនសង្ស័យឈ្មោះ សៀង វាសនា ដែលត្រូវបានសង្ស័យថាជាឃាតកដៃដល់ក្នុងការធ្វើឃាតឧកញ៉ាអ៊ឹង ម៉េងជឺ ដោយការបាញ់ប្រហានិងកាំភ្លើងខ្លីជាច្រើនគ្រាប់គ្មានញញើតដៃ ។

សៀង  វាសនា អាយុ៤៤ឆ្នាំ មានមុខរបរ ជាយោធា និងជាប្រធានក្រុមកងអង្គរ័ក្សរបស់ថោង  សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី ២២វិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចកន្លែងលក់ផ្លែឈើស្រស់ផ្សារអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចម្ការមន ។

ប្រឈមមុខបទចោទប្រកាន់អំពីបទឧក្រិដ្ឋនេះ ជនត្រូវចោទ សៀង  វាសនា បានបដិសេធដាច់អហង្កា ថាខ្លួនគេមិនបានប្រព្រឹត្តអំពើសម្លាប់មនុស្សដូចការចោទប្រកាន់របស់តុលាការទេ ។

សៀង វាសនា បាននិយាយថា នៅមុនថ្ងៃកើតហេតុថ្ងៃទី ២១ និងថ្ងៃកើតហេតុទី២២ វិច្ឆិកា ឆ្នាំ២០១៤ ខ្លួនគេបានសុំច្បាប់ឧកញ៉ា ថោង សារ៉ាត ឈប់សម្រាក២ថ្ងៃ ដោយសារមានធុរៈ លុះដល់ព្រឹកថ្ងៃទី ២៣វិច្ឆិកា ទើបខ្លួនឃើញតាមវេសបុកមានករណីបាញ់សម្លាប់មនុស្សកើតឡើង ។

ជនជាប់ចោទបានឆ្លើយបំភ្លឺទៀតថា ខ្លួនគេមិនដែលស្គាល់ជនរងគ្រោះទេ ដូច្នេះគេគ្មានហេតុផលណាហ៊ានសម្លាប់មនុស្សនោះឡើយ ។

កាលពីថ្ងៃទី ២៥កុម្ភៈ ឆ្នាំ២០១៩ តុលាការបានសាកសួរជនជាប់ចោទឈ្មោះមាស  សម្បត្តិ  និងឈ្មោះ ឈុន ចិត្រា ដែលជាម្ចាស់ម៉ូតូម៉ាកសេ១២៥ ព័ណខ្មៅ ដែលសង្ស័យថាជាមធ្យោបាយប្រព្រឹត្តបទល្មើស ប៉ុន្តែឈ្មោះមាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា បានបដិសេធ ថែមទាំងព្យាយាមមិនឆ្លើយនិងសំណួររបស់តុលាការទៀតផង ។

ថោង សារ៉ាត់  ,សៀង  វាសនា  ,និងឈ្មោះ លី សៅ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មគិតទុកមុនតាមមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ ។ ក្នុងករណីដែលតុលាការរកឃើញថាជនជាប់វោទបានប្រព្រឹត្តនូវបទឧក្រិដ្ឋកម្មដូចការចោទប្រកាន់នោះ ជនជាប់ចោទត្រូវប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ។

ជនជាប់ចោទឈ្មោះ លី សៅ អាយុ៤២ឆ្នាំ ជាអង្គរ័ក្សថោង សារ៉ាត់ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងពន្ធនាគារកាលពីដើមឆ្នាំ២០១៨ដោយរោគាពាធ ។ ដូច្នេះតុលាការនឹងសម្រេចរំលត់បណ្ដឹងអាជ្ញា ។

សេចក្ដីរាយការណ៍បន្ទាប់នៅថ្ងៃទី៦មិនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅថ្ងៃទី ០៧មិន លោកចៅក្រម តុប ឈុនហេង អនុប្រធានតុលាការរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជំរះនឹងលើកយកសំណុំរឿងក្រុមលោកថោង សារ៉ាត់មកបើកសវនាការបន្តទៀត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post