header ads

Sponsor

ភ្នំពេញៈ មនុស្ស៣នាក់ បានស្លាប់ក្នុងគំនរដែក និងក្នុងទឹកប្រឡាយ និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីជួបឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តធុនធំដឹកដែក១គ្រឿង បានបើកបុក​ជាមួយរថយន្តម៉ាកកាមរីឆ្លាម១គ្រឿង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីជិតភ្លឺថ្ងៃទី៦ ខែមី​នា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចកន្លែងលក់សាច់ក្រកអាំងកំបូល ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្លាប់ទាំង៣នាក់នោះ ១,ឈ្មោះ ផាក ប៊ុនថា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិប៉ាណា ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ ២ឈ្មោះ ម៉ៅ តេលា ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អ្នក​ទាំង២នាក់នេះ ជាមន្រ្តីកងរាជអាវុធហត្ថកំបូល និងជិះរថយន្តម៉ាកកាមរីឆ្លាម ពណ៌​ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2H-2239 បើកបរដោយយុវជនម្នាក់ទៀត ឈ្មោះ ចាប កុសល ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថជាមួយគ្នា។  ៣ ជាបុរសមិនទាន់ស្គាល់ឈ្មោះ ដែលជាអ្នកបើកបររថយន្តដឹកដែក មិនស្គាល់ម៉ាក ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 4A-1444 ហើយរថយន្តនេះបានខ្ទេចកាប៊ីនទាំងស្រុង ចំណែកអ្នករងរបួសធ្ងន់ម្នាក់ទៀត គឺជាប្រពន្ធអ្នកបើកបររថយន្តដឹកដែក។

តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តដឹកដែក បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តកាមរីឆ្លាម បើកបរក្នុងទិសដៅពីលិចទៅកើត លុះពេលមក​ដល់ត្រង់ចំណុចកើតហេតុ សង្ស័យរថយន្តកាមរីឆ្លាមជែងរថយន្តផ្សេង ជ្រុលទៅបុកជាមួយរថយន្តដឹកដែក បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយទាំង២គ្រឿង។ ហើយរថយន្តដឹកដែកបានបុកដើមអំពិលទឹក១ដើម រលើងគល់ដួលរលំរាបដល់ដី រីឯកាប៊ីនរថយន្តនោះ ត្រូវបានដែកបុកផ្ទប់ខូចខាតក្លាយជាដែកអេតចាយ ហើយអ្នកបើកបរស្លាប់ក្នុងគំនរដែក។ ចំណែកខាងរថយន្តកាមរីឆ្លាមខូចខាតទាំងស្រុងដូចគ្នា និងមានមនុស្សស្លាប់២នាក់ ដោយម្នាក់ស្លាប់ផុតពីគំនរដែក និងម្នាក់ទៀតស្លាប់ ក្រោមគំនរដែកកប់ក្នុងទឹក ដោយឡែកអ្នកបកររងរបួសធ្ងន់។

ក្រោយកើតហេតុនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងនិងស្ទូចយករថយន្តទាំង២គ្រឿងចេញពីក្នុងទឹក និងទាញកសាកសពចេញប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post