header ads

Sponsor

ភ្នំពេញៈ សំណុំរឿង​ប្ដឹង​រឹបអូសយកផ្ទះ យិន សុវណ្ណី ដែល​ដំណើរ​ក្ដី​៦​ឆ្នាំ​​មក​ហើយ​នោះ នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ លោក ឈន សុភាន ដែល​ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ យិន សុវណ្ណី បានចេញមុខត្រៀមប្តឹងចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ មក​តតាំង​គ្នា ដោយ​លោក​ចោទ​​ថា មន្ត្រី​តុលាការ​ទាំង​៣​នោះ បាន​ឃុបឃិត​​គ្នា ធ្វើ​ស៊ី​ដី កូន​ក្ដី​​ខ្លួន។

យោង​តាម​លិខិត​ជូន​ដំណឹង​ស្ដី​ពី​ការ​រំលោភបំពាន​ច្បាប់ ដែល​ចេញ​ដោយ​ក្រុមហ៊ុន​មេធាវី​កម្ពុជា ចុះ​ថ្ងៃ​ទី០៤ ខែ មិនា ឆ្នាំ ២០១៩។ បាន​​ចោទ​​មន្ត្រី​តុលាការ​ទាំង​៣រូប​​នោះ មាន​ចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និង​មន្ត្រីអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ បាន​បំពាន​ច្បាប់​កំពូល​​រហូត​ដល់​ទៅ​៨ ​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​កំពុង​នៅ​ជា​ធរមាន។

ច្បាប់​កំពូល​ទាំង ៨ នោះ​មាន​ដូច​ជា ៖​

១/ ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

២/ ច្បាប់​ស្ដី​ពី ការ​រៀបចំ​អង្គ​តុលាការ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

៣/ ច្បាប់​ស្ដី​ពី លក្ខន្តិកៈ ចៅក្រម​​និង​ព្រះរាជអាជ្ញា​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

៤/ ច្បាប់​ស្ដី​ពី ការ​រៀបចំ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម នៃ​ព្រះរាជាណាចក្រ​កម្ពុជា

៥/ ក្រម​នីតិវិធី​​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

៦/ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​

៧/ ក្រម​​នីតិវិធី​រដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

៨/ ក្រម​រដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

យោង​តាម​ ភរិយារបស់លោក យិន សុវណ្ណី បានទទូចស្នើសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ជួយ​ពិនិត្យសំណុំរឿងរបស់ខ្លួនឡើងវិញ បន្ទាប់ពីមន្ត្រី នៃសាលាដំបូងរាជធានីភ្នំពេញ ដែល​កាន់​សំណុំរឿង បានគប់គិតគ្នាបន្លំរឿងក្តីឲ្យលោកឡៅ ស៊ុនប៉ា ដើម្បីបំពានយកផ្ទះ១ខ្នងរបស់លោកស្រី ដែលមានតម្លៃ៥០ម៉ឺនដុល្លារអាមេរិក។

ភរិយារបស់លោក យិន សុវណ្ណី បាន​បញ្ជាក់​កាលពី​រសៀល​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះថា ផ្ទះរបស់លោកស្រី នឹងត្រូវរឹបអូសលក្ខណៈអនុវត្តដោយបង្ខំ នៅ​ថ្ងៃទី០៦ ខែមីនា ខាងមុខនេះ តាម​សំណុំ​​រឿង​អនុវត្ត​លេខ២១ ចុះថ្ងៃទី០៣-០៤-២០១៣ របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំ​រឿង​នេះ​ជា សំណុំ​រឿង​ខុស​ច្បាប់​ទាំង​ស្រុង។

ជន​រងគ្រោះ​ បានអះអាងថា ចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និង​មន្ត្រីអាជ្ញា​សាលា ដែលកាន់សំណុំរឿងនេះ បានគប់គិតគ្នាបន្លំរឿងក្តី ដើម្បីចង់បានផ្ទះរបស់លោកស្រី ធ្វើឲ្យលោកស្រី ខាតបង់ពេលវេលាអស់៦ឆ្នាំ ខាតបង់ប្រាក់អស់ប្រហែល USD១.០០០.០០០ដុល្លារ (មួយលានដុល្លារអាមេរិក) បាត់បង់ទាំងសុខភាព ព្រមទាំងជះឥទ្ធិពល ដល់ការប្រកបអាជីវកម្មផងដែរ។

លោក ឈន សុភាន ​មេធាវី​បាន​បញ្ជាក់ថា តាមផ្លូវច្បាប់ អ្នក​ដែលកាន់សំណុំរឿង​អនុវត្ត​ដោយ​បង្ខំនេះ ​បាន​គប់គិត​គ្នាបន្លំអត្ថន័យច្បាប់ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅ​លើ​ច្បាប់កំពូលចំនួន៨ របស់ប្រទេសកម្ពុជា ដូច​បាន​រៀបរាប់​ខាង​លើ។

លោក ឈន សុភាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា ដែលកាន់សំណុំរឿងអនុវត្តដោយបង្ខំនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសងសំណងជំងឺចិត្ត និងប្រាក់កាក់ទាំងអស់ដែលកូនក្តីខ្ញុំ (យិន សុវណ្ណី) បានខាតបង់ដោយសារតែការចំណាយ ទៅលើរឿងក្តីនេះ ដែលជាសំណុំរឿងរំលោភបំពាន ច្បាប់កំពូលទាំងចំនួន៨ បង្កឡើងដោយចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា នៃរឿងក្តី​នេះ។

តាម​ការ​បញ្ជាក់​ពី​លោក​មេធាវី ឈន សុភាន លិខិត​​ខាង​លើ ដែល​លោក​ជូន​ដំណឹង​ទៅ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ លោក​និង​​ចម្លង​ជូន​​លិខិត​​នោះ​ទៅ​ជូន​ស្ថាប័ន​​ចំនួន​៣ ​ទៀត ក្នុង​នោះ ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ក្រសួង​យុត្តិធម៌ ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម៕

'

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post