
ករណីនេះ កើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចវិមានបុរីពិភពថ្មីសែនសុខ ចំណុចអគារA ក្រោយផ្សារអ៊ីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្ត្រីនគរបាលរូបនោះ ឈ្មោះ ផង់ សុផល ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលរូបនោះ រៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានរៀបចំពិធីមង្គលការនៅចំណុចកើតហេតុខាងលើ លុះដល់ពិធីមង្គលការចប់សព្វគ្រប់ហើយ ម៉ោងកើតហេតុខាងលើ រូបគាត់រៀបចំយកលុយ ដែលបានមកពីចំណងដៃការកូនដាក់ក្នុងរថយន្ត ខណៈនោះក៏មានគេមកប្រាប់ថា មានជនមិនស្គាល់មុខបានចូលមកនៅចំណុចខាងលើ។ ភ្លាមៗនោះគាត់ មានការភ័យខ្លាចគេប្លន់ ក៏យកកាំភ្លើងខ្លី ដែលដាក់តាមខ្លួនអាម៉េបញ្ចូលគ្រាប់ទុក ស្រាប់តែរាលកៃផ្ទុះមួយគ្រាប់ ដាច់ម្រាមដៃមួយ រងរបួស ហើយត្រូវបានបងប្អូនដឹកតាមរថយន្តមួយគ្រឿងយកមកព្យាបាលនៅមន្ទីរពេទ្យសម្ភព ចំរើន។
ក្រោយកើតហេតុសមត្ថកិច្ចសែនសុខបានចុះមកដល់មន្ទីរពេទ្យឯកជនសុខចំរើន ដើម្បីសាកសួរ និងធ្វើកំណត់ហេតុស្រាវជ្រាវបន្ត៕




