header ads

Sponsor

សៀមរាបៈ នេះចាត់ទុកជាលើកទី១ហើយ ដែលលោកចោរមួយក្រុម បានស្ពាយធុងហ្គាស់មកផ្សារទម្លុះទ្វាររថយន្ត​ឡិចស៊ីស ដែលគេចតទុកនៅមុខផ្ទះត្រឹមត្រូវ ហើយ​បានយកវ៉ាលីធំមួយចេញពីក្នុងរថយន្ដទៅបាត់ ដោយសុវត្ថិ​ភាព។

ហេតុការណ៍នេះ កើតឡើងកាលពី​វេលាទៀបភ្លឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chanrith van បានឲ្យដឹងថា រថយន្តដែលចោរទម្លុះទ្វារនេះ ម៉ាកឡិចស៊ី ស៣៣០ ពណ៌​ទឹកប្រាក់ជារបស់បងប្រុសខ្លួន ដែលបានយកមកចតទុកនៅផ្ទះរបស់គាត់ ជាមួយនិងរថយន្ត​របស់គាត់មួយគ្រឿងដែរ លុះដល់ភ្ញាក់ពីគេងដើរមកមើលឡាន ស្រាប់តែស្រងាកចិត្តយ៉ាងខ្លាំង ព្រោះតែឃើញទ្វាររថយន្ត​របស់ខ្លួន ផ្នែកខាងក្រោយ ត្រូវបានចោរមួយក្រុម យកធុងផ្សារ មកផ្សារទម្លុះក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិនៅខាងក្នុងរថយន្ដនោះ។

ប្រភពដដែលបន្ដថា នៅក្នុងឡាននោះ គ្មានរបស់របរអ្វីមានតំលៃប៉ុន្មានទេ តែមានវ៉ាលីសធំមួយនៅក្នុងនោះ ដោយសារម្ចាស់មិនបានយកចេញ ដែលនៅក្នុងវ៉ាលីសនោះ មានតែសម្លៀកបំពាក់ប៉ុណ្ណោះ គ្មាន​លុយកាក់មាសប្រាក់អ្វីនោះទេ ហើយលោកចោរសង្ស័យពួកគេគិតថា នៅក្នុងវ៉ាលីសនោះ មានលុយកាក់ច្រើនហើយមើលទៅ ទើបពួកគេនាំគ្នាមកធ្វើសកម្មភាពដោយដឹកធុងខ្យល់ មានឧបករណ៍ផ្សារមួយកំប្លេរ មកផ្សារទម្លុះទ្វារឡានរបស់ខ្លួន លួចយកវ៉ាលីសបែបនេះ។

ក្រុមចោរបន្ទាប់ពីធ្វើសកម្មភាពរួច បានយកតែវ៉ាលីសនោះចេញទៅ ដោយមិនបានយកធុងផ្សារទៅជាមួយទេ។ ម្ចាស់ក៏បានហៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើរបាយការណ៍ផងដែរ ។  បន្ទាប់ពីម្ចាស់ឃើញហេតុការណ៍បែបនេះ គាត់ហួសចិត្តខ្លាំងពេក ព្រោះមិន​ដែលជួបប្រទះ  ម្យ៉ាងទៀត នេះក៏ជាសកម្មភាពថ្មីមួយទៀតរបស់ក្រុមចោរ ដូច្នេះម្ចាស់បានថតរូបបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់ខ្លួន ក្នុងន័យផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋយើងទូទៅឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន ទោះបីពេលនេះគាត់មិនបាត់បង់អ្វីធំដុំ ក៏​គាត់ចង់ចែករំលែកនូវសកម្មភាពចោរបែបថ្មីទៀត ឲ្យពលរដ្ឋបានដឹងដើម្បីជាការប្រុងប្រយ័ត្នទាំងអស់គ្នា។ ប៉ុន្ដែមិននឹកស្មានថា ប្រិយមិត្តនៅក្នុងបណ្ដាញសង្គមខ្លះបែរជានិយាយក្នុងខមមិនថា ជាការលេងសើចទៅវិញ លោកបាននិយាយថា សូមឲ្យអ្នកខមមិនយល់ពីអារម្មណ៍ជនរងគ្រោះអ្នកខូចខាត និងបាត់បង់របស់នោះផង។

បើយោងតាមភស្ដុតាង ដែលបានបន្សល់ទុក និងស្លាកស្នាមធ្លុះធ្លាយរថយន្ដនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមចោរទាំងនេះ ពិតជាថ្លើមដុះមមីសមែន ព្រោះបើយើងពិនិត្យលើសម្ភារៈ និងសកម្មភាពនេះ វាមិនមែនអាចធ្វើម្នាក់ឯងកើតទេ ហើយក៏មិនមែនធ្វើលឿនរហ័សនោះដែរ ពួកនេះពិតជាព្រហើនណាស់ ដូច្នេះសមត្ថកិច្ចមូលដ្ឋាន គួរបន្ដធ្វើការស្រាវជ្រាវ តើនៅតំបន់ក្បែរៗនោះ មានចំណុចគួរឲ្យសង្ស័យដែរឬទេ ? ម្យ៉ាងវិញទៀត បើ​សិនជាលើកនេះ គេធ្វើបានជោគជ័យហើយនោះ ក្រុមនេះនឹងឈានទៅធ្វើរបៀបនេះនៅកន្លែងផ្សេងទៀត ជាក់ជាមិនខាន។ បើគេហ៊ានផ្សារទម្លុះទ្វារប៉ុណ្ណឹងហើយ សង្ស័យលើកក្រោយអាចផ្សារផ្លុំផ្ដាច់ទ្វាររបងផ្ទះក៏ថាបានដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post