header ads

Sponsor

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃពិចារណា ដាក់ចេញវិធានការកំណែទម្រង់ការប្រឡងប្រណាំង ដើម្បីឲ្យគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពឡើងវិញ ក្នុងន័យថា ឲ្យរង្វាន់ដល់រាជធានី ខេត្ត ខណ្ឌ ស្រុក នូវចំណាត់ថ្នាក់ ដើម្បីផ្តល់ជូនរង្វាន់ ចាប់ពីលេខ១ដល់៣ ឬ ដល់៥ ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើ ហើយជាការរំលឹកដាស់តឿនដល់អ្នកដែលមិនធ្វើ ឬ អ្នកធ្វើមិនទាន់បានល្អ។

សម្តេចក្រឡាហោម ក៏បានគាំទ្រនូវវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ លើបញ្ហារៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តកន្លងមក។

សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុប  លទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និង លើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ពិធីក៏មានការអញ្ជើញចូលរួមរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានស្នើឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អនុវត្តឲ្យបាននូវវិធានការហាមឃាត់រថយន្តធំ មិនឲ្យចូលក្រុង ហើយត្រូវសហការជាមួយស្ថាប័នជំនាញ ចុះត្រួតពិនិត្យលើអ្នកបើកបររថយន្តធំ ដើម្បីធ្វើតេស្តរកសារធាតុញៀន ដែលអាចយ៉ាងតិច១០ភាគរយ នៃអ្នកបើករថយន្តធំ មានផ្ទុកនូវសារធាតុញៀន។

សន្និបាតក៏មានការចូលរួមពីលោក លោកស្រី ជាអភិបាលរងរាជធានី មន្ត្រីរដ្ឋបាលរាជធានី ប្រធានតុលាការដំបូង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ស្នងការរាជធានីអភិបាលខណ្ឌ-អភិបាលរងខណ្ឌទាំង១២ មេបញ្ជាការខណ្ឌ អធិការខណ្ឌទាំង១២ ចៅសង្កាត់ នាយប៉ុស្តិ៍ទាំង១០៥ ព្រមទាំងប្រធានមន្ទីរចំណុះជំនាញជុំវិញសាលារាជធានី សរុបប្រមាណ៤៥០នាក់។

ដើម្បីរំលេចឲ្យឃើញនូវសមិទ្ធផលនានា ដែលជាស្នាដៃសម្រេចបានរបស់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ច ក្នុងឆ្នាំ២០១៨ រួមទាំងបណ្តាចំណុចប្រឈម ដែលបាននិងកំពុងជួបប្រទះ ដើម្បីសម្រេចដាក់ចេញ និងកំណត់ជាទិសដៅ អនុវត្តបន្តនាឆ្នាំ២០១៩នេះ ឲ្យកាន់តែមានប្រសិទ្ឋភាព និងមានការរីកចំរើន ក្នុងដែនសមត្ថកិច្ច នៃរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានប្រើប្រាស់រយៈពេល២ថ្ងៃ ដោយជ្រើសរើសប្រធានបទចំនួន៤ចំណុចមកពិភាក្សា ដើម្បីស្វែងរកចំណុចខ្លាំងនិងខ្សោយ យកមកអនុវត្តការងារនៅឆ្នាំ២០១៩ អោយបានល្អ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post