header ads

Sponsor

ព្រះសីហនុៈ ថ្មីៗនេះប្រពលរដ្ឋរស់នៅ ស្រុកស្ទឹងហាវ បាន ប្រាប់ឲ្យអង្គភាព CamPost ដឹងថា អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹង កំពុងឃុបឃិតជាមួយឈ្មួញដែលមានទឹកប្រាក់វាល់លានដុល្លារ និងមានអំណាចក្នុងជួរកងកម្លាំងប្រដាប់អាវុធ ផងនោះ ធ្វើសកម្មភាពចាក់ដីលុបសមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) ដើម្បីសាងសង់សណ្ឋាគារមាត់ សមុទ្រ ឬយកដីនៅលើទីតាំងនេះ សម្រាប់លក់បន្តឱ្យឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។

ប្រជាពលរដ្ឋបន្តថាការចាក់ដីលុបសមុទ្រដើម្បីពង្រីកទំហំដីនេះ គឺបានធ្វើសកម្មភាពប្រហែល៣ខែ ហើយ គិតតាំងពីចុងឆ្នាំ២០១៨ រហូតដល់ ខែមីនា ឆ្នាំ២០១៩ នេះ ប៉ុន្តែរហូតមកពេលនេះសកម្មភាពចាក់ពង្រីកផ្ទៃដីនៅមិនទ៍ាន់បញ្ចប់នៅឡើយទេ មិនដឹងថាពង្រីកប៉ុន្មានរយហិកតាទើបបញ្ចប់នោះឡើយ។

ប្រជាពលរដ្ឋនៅតំបន់នោះបញ្ជាក់បន្ថែមថា តាមការអង្កេតរបស់ពួកគាត់ ចាប់តាំងពីសម្ទុះនៃការជួញដូរដីធ្លី-អចលនទ្រព្យ មានការកក្រើកខ្លាំងនៅខេត្តព្រះសីហនុ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមន្ត្រី យោធាផ្កាយបី ម្នាក់ឈ្មោះ យុទ្ធ បានឃុបឃិតជាមួយមន្ត្រីអាជ្ញាធរតាមលំដាប់ តាមជំនាញ ចាក់ដីលុបសមុទ្រ ដើម្បីពង្រីកផ្ទៃរបស់ខ្លួន ប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រើលេសថា អភិវឌ្ឍន៍អ៊ូទូកចាស់ ឡើងវិញ ឬថា ពង្រីកអ៊ូទូកចាស់ ឱ្យវាធំជាងមុនដើម្បីឱ្យទូក (ទូកម៉ាស៊ីធំៗ) ចូលមកជួសជុលបានច្រើនគ្រឿង? ។

ពួកគាត់លួចខ្សឹបបង្ហើបប្រាប់ភ្នាក់ងារ CamPost ថា មានលោកផ្កាយបី ម្នាក់ឈ្មោះ យុទ្ធ ប្រើលេស អភិវឌ្ឍន៍ អ៊ូទូកចាស់ តែធាតុពិតជាល្បិចឆ្ពិនភ្នែក គឺគេចាក់ដីលុបសមុទ្រទាំងបំពាន ដើម្បីឱ្យបានផ្ទៃដីធំ ងាយស្រួលលក់ឱ្យឈ្មួញ ឬសាងសង់អ្វីផ្សេងជាប្រយោជន៍បុគ្គល និងបក្ខពួក តែប៉ុណ្ណោះ?។

រហូតមកដល់ពេលនេះតាមសេចក្តីរាយការណ៍បានប្រាប់ភ្នាក់ងារ ខេមបូឌាប៉ុស្តិ៍ ថា ការចាក់ដីលុបសមុទ្រពង្រីកផ្ទៃដីរហូតដល់ទៅប្រហែល២ហិកតាទៅហើយ … អាហ្នឹងហើយ គេហៅថា ល្បែងឆ្ពិនភ្នែកស៊ីពីលើរដ្ឋ ! តើការចាក់ដីលុបសមុទ្រដើម្បីពង្រីកផ្ទៃរបស់ខ្លួននេះ មិនមែនជាការរំលោភពំពានច្បាប់ទេឬយ៉ាងណា?។

សូមរំលឺកថា ទឹក ដី ខ្យល់ ភ្នំ ស្ទឹង បឹងបួ ទន្លេ សមុទ្រ ព្រៃឈើ … ជារបស់រដ្ឋ , គ្រប់គ្រងដោយរដ្ឋ ! តាមផ្លូវច្បាប់ ការចាក់ដីលុបសមុទ្របែបនេះ វាមិនអាចធ្វើឡើងត្រឹមសុំការអនុញ្ញតពីអាជ្ញាធរ ថ្នាក់ខេត្ត នោះទេ វាទាល់តែប្រមុខរាជរដ្ឋាភិបាល ទើបមានសិទ្ធិសម្រេចអនុញាត្តិបាន ! យ៉ាងហោចណាស់ ក៏មានការអនុញ្ញាតត្រឹម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ … បើធំដុំជាងនេះ គឺមានតែនាយករដ្ឋមន្ត្រីចេញ អនុក្រឹត្យ និងបញ្ជាក់ពីផលប្រយោជន៍រួម ដោយមានហេតុផលសមស្រប ទើបអាចចាក់ដីលុបសមុទ្រដូចខាងលើនេះបាន។

សូមបញ្ជាក់ថា ទីតាំងដែលគេកំពុងតែចាក់ដីលុបសមុទ្រនៅផែអ៊ូទូកចាស់នេះ ស្ថិតក្នុងភូមិ៤ ឃុំទំនប់រលកថ្មី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (គេហៅថា អ៊ូទូកផែដីដុះ ដែលមានប្រជាជនជាច្រើនបានកើតទុក្ខមិនសុខចិត្ត ពីការចាក់ដីលុបសមុទ្រនេះ ដែលបណ្តាលអោយផ្ទះពួកគាត់ទ្រេត និង អាចរលំចូលសមុទ្រនៅពេលខាងមុខជាក់ជាមិនខាន។

ពាក់ព័ន្ធការរិះគន់ខាងលើនេះអង្គភាព campost មិនអាចសុំ បំភ្លឺលោកផ្កាយបីឈ្មោះ  យុទ្ធ បានទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post