header ads

Sponsor

ព្រះសីហនុៈ ប្រភពពីប្រជាពលរដ្ឋស្រុកព្រៃនប់ បានលើកឡើងថា ដីព្រៃក្នុង ដែន ឧទ្យាន ជាតិ ព្រះសីហនុ  "រាម" ទំហំរាប់រយហិកតាស្ថិតក្នុងភូមិសាស្ត្រឃុំ រាម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ  ត្រូវបានលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ កំពុងយកឥទ្ធិពលកងពលតូចថ្មើរជើង "ង៧០" ជាខែលប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានយក ដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយគ្មានរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញម្តងណាឡើយ។

ប្រភពដដែលបានបន្តឱ្យដឹងថា ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ថន វីរៈ ដោយយកលេសថាជាបន្ទាយរបស់កងទ័ពបានធ្វើសកម្មភាពហាមប្រាមប្រជាពលរដ្ឋមិនឱ្យចូលទៅទីនោះ រីឯក្រុមខ្លួនលបទន្ទ្រានយកដីព្រៃរបស់រដ្ឋបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងក្នុង ដែន ឧទ្យាន ជាតិ ព្រះសីហនុ  "រាម" អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។

សកម្មភាពខាងលើនេះ ត្រូវបានមហាជនលើកឡើងថា លោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ កំពុងប្រើល្បិចកលឆ្ពិនភ្នែករបាយការណ៍ភូតកុហកថ្នាក់លើក្នុងបរិបទ "កន្ទេលធំបន្លំដេក" ចង់ កេងចំណេញ និងចង់ បន្លំ ដើម្បី ទាញយក ផលប្រយោជន៍ ផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិដោយផ្ទាល់ និងដោយប្រយោលរបស់លោក ថន វីរៈ ដោយសារតែការគ្រប់គ្រង និងការប្រើ សិទ្ធិ ក្នុងការ សម្រេច ដោយបុគ្គល ក្នុងស្ថាប័ន មានអំណាច ធំ ពេក និងការកំណត់ ព្រំដែន នៃ អំណាច មិន ច្បាស់លាស់ និង គ្មាន ការត្រួតពិនិត្យ លើ ការប្រើ អំណាច  និង សិទ្ធិ ផង នោះនាំឱ្យ លោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ អាច ប្រើប្រាស់ អំណាច និងសិទ្ធិ របស់ខ្លួន ហួស ព្រំដែន និងមានបំណងចង់ ធ្វើ អ្វីមួយ តាម ទំនើងចិត្ត របស់ខ្លួន។

ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ឧទ្យាន ជាតិ ព្រះសីហនុ  "រាម" ជាដីសាធារណៈរបស់រដ្ឋ គ្មានជនណាម្នាក់មានសិទ្ធិរុករានទន្ទ្រានកាន់កាប់ និងទិញ-លក់ដីរដ្ឋឡើយ ទោះបីជាមានការបញ្ជាក់ពីមេឃុំ ឬចៅហ្វាយស្រុកក៏ដោយ។ ការលើកឡើងដូច្នេះ ក្រោយពីមានចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចនៅតែបន្តកើតមាន ទោះបីជាអាជ្ញាគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ។

លោក លិន សារិន មេឃុំ រាម បាន ឱ្យដឹង ថា ទាក់ទង ករណី ខាងលើនេះ លោក ពុំ មាន ជាប់ ពាក់ព័ន្ធ នោះ ទេ ហើយក៏ មិន ហ៊ាន ជាមួយ លោក ថន វីរៈ ដែរ។ បើសិនជា ចង់ ដឹង រឿង នេះ ច្បាស់ គឺមាន តែ លោក អភិបាល ស្រុក ព្រៃនប់ និង លោក អភិបាលខេត្ត ព្រះសីហនុ តែប៉ុណ្ណោះ។

ទាក់ទិន នឹង ករណី នេះ CamPost បាន ធ្វើការ ទាក់ទង ទៅ ឯកឧត្តម យន្ត មីន អភិបាល នៃ គណៈ អភិបាលខេត្ត ព្រះសីហនុ ហៅចូល តាម ទូរស័ព្ទតែ មិន មាន អ្នក ទទួល នោះ ទេ។ CamPost មិនអាច សុំ ការបំភ្លឺ ពីលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ ទេ នៅ ថ្ងៃនេះ ដោយ ពុំ មាន លេខ ទូរស័ព្ទ ធ្វើការ ទាក់ទង។

សូមរម្លឹកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាដាច់ខាតមិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ពចូលរួមសកម្មភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះឡើយ ព្រោះវាមិនស្របតាមច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ។ ការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះមានតែមន្រ្តីយុត្តិធម៌ក្នុងកងរាជអាវុធហត្ថតែប៉ុណ្ណោះ។

ជាមួយគ្នានេះ មាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ចែងថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំប្រើប្រាស់កម្លាំង កងយោធពលខេមរភូមិន្ទ ដើម្បីការពារកសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ អាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ។

សូមជម្រាបថា ឧទ្យាន ជាតិ ព្រះសីហនុ  "រាម" មាន ទីតាំង ស្ថិតនៅ ទិស និរតី នៃ ព្រះរាជាណាចក្រ កម្ពុជា ស្ថិតនៅចន្លោះរវាង កោះ ថ្មី និង ក្រុងព្រះសីហនុ មាន ចម្ងាយ ប្រហែល ១៨ គីឡូម៉ែត្រ ពី ក្រុងព្រះសីហនុ និង មាន ចម្ងាយ ប្រមាណ ១៩៤ គីឡូម៉ែត្រ ពី រាជធានី ភ្នំពេញ តាម ផ្លូវជាតិ លេខ ៤ ។

ឧទ្យាន ជាតិ ព្រះសីហនុ  "រាម" ស្ថិត នៅក្នុង ស្រុក ព្រៃនប់ ក្នុង ខេត្ត ព្រះសីហនុ មាន ទីតាំង ខាងជើង ជាប់ នឹង ផ្លូវជាតិ លេខ ៤ ឃុំ រាម ឃុំ អូរ ឧ កញ្ញ៉ា ហេង ដែល ស្ថិតនៅ ជាប់ ជួរ ភ្នំ ។ ខាងកើត ជាប់ ឃុំ បត់ ត្រង់ ភូមិ អុង ក្នុង ឃុំ រាម និង ឈូង សមុទ្រ ថៃ ។ ខាងលិច ជាប់ នឹង ឃុំ បឹង តា ព្រហ្ម និង ឃុំ អូរជ្រៅ  ខាងត្បូង ជាប់ នឹង ឈូង សមុទ្រ ថៃ ។

ឧទ្យាន ជាតិ ព្រះសីហនុ  "រាម" មាន ផ្ទៃដី ២១.០០០ ហិកតា នេះ ក្រៅ ពី នៅ ជាប់ មាត់សមុទ្រ ក៏ ស្ថិត នៅក្នុង តំបន់ ជួរ ភ្នំក្រវាញ ដោយ ប្រជុំភ្នំ នៅ តំបន់ ទាំងនោះ ស្ថិត នៅ រាយប៉ាយ ពេញ តំបន់ហើយ មាន រយៈកម្ពស់ ប្រែប្រួល ពី ៥០ ម៉ែត្រ ដល់ ២៨៤ម៉ែត្រ  ដោយ មាន ភ្នំ តូច ធំ និង កោះ ចំនួន ២ គឺ កោះ ថ្មី និង កោះសេះ ។

ឧទ្យានជាតិ ព្រះសីហនុ "រាម" បានបើក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានទំហំផ្ទៃដីសរុប ២១.០០០ហិកតា ដែលក្នុងនោះ១៥.០០០ហិកតា ជាដីគោកតាមឆ្នេរសមុទ្រ និង ៦.០០០ហិកតាជាផ្ទៃ ទឹកសមុទ្រ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post