header ads

Sponsor

ភ្នំពេញៈ តៃកុងកង់បីឥណ្ឌាម្នាក់ បានរងរបួសធ្ងន់ និងបុរស២នាក់ទៀត របួសស្រាល ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ឈប់ស្តុបក្រហម ត្រូវបានបុរសម្នាក់ បើករថយន្តអាបែន បុករះពីក្រោយពេញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌាក្រឡាប់ និងម៉ូតូ២គ្រឿងរងការខូចខាត កាលពីវេលាម៉ោង៩៖៥០នាទីយប់​ ថ្ងៃទី៤​ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្តុបវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

សម្ភារៈខូចខាតរួមមាន៖ កង់បីឥណ្ឌា១គ្រឿង, ម៉ូតូហុងដាឌ្រីម២គ្រឿង និងបង្គោលភ្លើងមួយដើម។

តាមសម្ដីបុរសម្នាក់ ជាម្ចាស់ម៉ូតូរងរបួសស្រាល បានឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត កំពុងឈប់ស្តុបក្រហម ត្រង់ចំណុចកើតហេតុ ខណៈនោះស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក CHENGLONG ប្រភេទអាបែនធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3D-1632 ធ្វើដំណើរពីលិចទៅកើតស្របគ្នាមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន។ គ្រានោះ គាត់ឃើញសភាពមិនស្រួល បុរស២នាក់ជាម្ចាស់ម៉ូតូ បានលោតចេញពីម៉ូតូ ហើយរថយន្តបង្ក ក៏បុករះម៉ូតូទាំង២គ្រឿង ពេញទំហឹងតែម្ដង បន្តបុកបង្គោលភ្លើងបាក់មួយដើម និងកង់បីឥណ្ឌាពីក្រោយឲ្យក្រឡាប់កៀប ជាប់របងនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសម្នាក់ជាតៃកុងកង់បីឥណ្ឌារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះភ្លាមៗ។ រីឯបុរស២នាក់ ដែលជាម្ចាស់ម៉ូតូ២គ្រឿង រងការខូចខាតនោះ រងរបួសស្រាលប៉ុណ្ណោះ។

ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាតាមបានចាប់បុរសម្នាក់ ជាតៃកុងរថយន្តបង្ក ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីរង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងតាមក្រោយ។

បច្ចុប្បន្ន​ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូការខូចខាតទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post