header ads

Sponsor

កំពតៈ ដើម្បីសុវត្ថិភាព និងលើកកម្ពស់សោភ័ណភាពក្រុងកំពត លោក​ ជាវ តាយ បានប្រាប់ដល់មន្ត្រីជំនាញ នឹងពាក់ព័ន្ធ ត្រូវកាត់ទម្លាក់ បណ្ដាញខ្សែកាប្លិ៍នៅលើដងផ្លូវ ក្នុងក្រុងកំពតទាំងអស់ ចាប់ពីចុងខែមីនានេះ ព្រោះកំពតជាទីក្រុងស្អាត ទទួលបានផ្ការំដួលបីទង។

ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការរៀបចំអនុវត្ត និងការរៀបចំតបណ្តាញខ្សែកាបិ៍ឲ្យត្រូវតាមបច្ចេកទេស លោក​ ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ក្រុងកំពក៏ជាក្រុងមួយ បាននឹងកំពុងគ្រងតំណែងពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង ហើយដើម្បីរក្សានូវកិត្តិ​នាមនេះ បានគង់វង្សលុះត្រាតែ រដ្ឋបាលខេត្ត ក៏ដូចក្រុងកំពត និងមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ មានការចូលរួមសហការគ្នាទាំងអស់គ្នា។ ពិសេសក្នុងការរៀបចំកែលម្អ សម្រួលសោភ័ណភាពខ្សែកាបិ៍​ទូរគមនាគមន៍ ដែលសព្វថ្ងៃ មើលទៅឃើញមានភាពរញ៉េរញ៉ៃ ដែលគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុង។

លោក​ បន្តថា ដើម្បីទទួលលទ្ធផល និងមានប្រសិទ្ធភាពកាន់តែប្រសើរ លើការងាររៀបចំអនុវត្តលើប្រព័ន្ធខ្សែកាបិ៍នេះ យើងទាំងអស់គ្នា ត្រូវតែយកអស់ស្មារតីខុសត្រូវខ្ពស់ ចូលរួមសហការទាំងអស់គ្នា ប៉ុន្តែមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានតួនាទីក្នុងការអនុវត្តផ្ទាល់ ត្រូវតែយកចិត្តទុកដាក់និងទទួលខុសត្រូវខ្លាំងជាងគេ លើការងារនេះ។ មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ត្រូវសិក្សាអំពីគម្រោងថ្មីក្នុងការកាត់ទម្លាក់ខ្សែកាបិ៍​ កប់ទៅក្នុងដី តើមានផលប៉ះពាល់ ឬបញ្ហាប្រឈមត្រូវដោះស្រាយ យ៉ាងម៉េច ព្រោះមិនអាចធ្វើហើយ រុះរើ ហើយធ្វើឡើងវិញនោះឡើយ វាខាតពេលវេលា និងថវិកាជាតិ។

ជាគោលការណ៍ ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ក្នុងការកែលម្អ សម្រួលសោភ័ណភាពខ្សែកាប្លិ៍ទូរគមនាគមន៍ ដែលគ្មានសណ្ដាប់ធ្នាប់ក្នុងក្រុងកំពត រដ្ឋបាលខេត្តកំពត និងចាប់ផ្ដើមរៀបចំអនុវត្តការងារ កាត់ទម្លាក់ប្រព័ន្ធ បណ្ដាញខ្សែកាប្លិ៍អាកាស នៅតាមដងផ្លូវក្នុងក្រុងសំខាន់ៗមុនគេ និងនៅតាមបណ្ដាផ្លូវផ្សេងៗទៀត ជាបន្តបន្ទាប់ ហើយការងារកាត់ទម្លាក់នេះនឹងចាប់ផ្តើមធ្វើពីចុងខែមីនានេះទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post