header ads

Sponsor

ភ្នំពេញៈ អ្នកជិតខាងគ្នាសោះ! យុវជនម្នាក់ អង្គុយផឹកស្រាសុខៗ ឃើញនារីម្នាក់ ជាអ្នកជិតខាងបើករថយន្តចូលមកយឺតៗ ហើយក្បែរម៉ូតូរបស់ខ្លួន ក៏ដើរទៅសួរថា មានទើសផ្លូវអត់ ហើយម្ចាស់រថយន្តតបវិញថា (ទើស) ទើបយុវជននោះ ចុចស៊ីផ្លេសួរបញ្ជាក់ម្ចាស់រថយន្តវិញ លក្ខណៈឌឺដង ទើបទាស់ពាក្យសម្ដីគ្នា ហើយប្រកែកគ្នាឡើង ទើបប្អូនប្រុសម្ចាស់រថយន្តចុះពីលើផ្ទះមកសួរនាំ តែយកដៃកាន់កអាវរបស់យុវជនម្ចាស់ម៉ូតូ ស្រាប់តែយុវជនរូបនោះ ដាល់៣ដៃកណ្តាលមុខ បណ្ដាលបែកច្រមុះហូរឈាមពេញខ្លួន ទើបផ្អើលអ្នកជិតខាង ចូលមកជួយឃាត់បំបែកចេញ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកនាំភាគីទាំងសងខាង យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍។

ករណីហិង្សា បង្កឲ្យមានរបួសស្នាមនេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវលំ ក្រុម១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ មាស វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ1411 ផ្លូវលំ ក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរ បុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះ មានឈ្មោះ ទៀង ម៉េងគ័ង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ1411 ផ្លូវលំក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរ ជាងឡាន។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានរៀបរាប់ប្រាប់ CAM POST ថា នៅមុនពេលកើតហេតុ ជនសង្ស័យមានឈ្មោះ មាស វណ្ណា កំពុងអង្គុយផឹកស៊ីនៅក្នុងផ្ទះអ្នកជិតខាង ដោយទុកម៉ូតូនៅទល់មុខកន្លែងផឹកនៅផ្លូវម្ខាង ក៏ស្រាប់តែនៅវេលាម៉ោង១១៖៣០នាទីយប់  ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ក៏មានរថយន្តមួយគ្រឿង បើកបរដោយឈ្មោះ អ៊ុង រចនា បានបើកមកឈប់នៅមុខកន្លែងជនសង្ស័យកំពុងផឹកស៊ី ពេលនោះជនសង្ស័យក៏បានសួរថា ទើសម៉ូតូមែន? ហើយក៏បានទាស់ពាក្យសម្ដីគ្នាទៅវិញទៅមក ពេលនោះជនរងគ្រោះឈ្មោះ អៀម ម៉េងគ័ង ត្រូវជាប្អូនថ្លៃរបស់ម្ចាស់រថយន្ដ ក៏បានចុះពីលើផ្ទះមកសួរនាំ តែពេលមកដល់ក៏បានកាន់.កអាវជនសង្ស័យ ទើបជនសង្ស័យឈ្មោះ ញឹម វណ្ណា ក៏បានដាល់ចំនួន៣ដៃ បណ្ដាលឲ្យច្រមុះហូរឈាមជោកខ្លួនភ្លាមនោះ ក៏មានប្រជាពលរដ្ឋមកបំបែកអ្នកទាំងពីរ ហើយតែរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកនាំជនសង្ស័យយកទៅស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរផងដែរ។

ប្រភពពីជនរងគ្រោះ ឈ្មោះ អៀម ម៉េងគ័ង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៤១១ ផ្លូវលំ ក្រុម១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ខ្ញុំបាទកំពុងអង្គុយនៅលើផ្ទះ ហើយលឺសូរសំលេងបងថ្លៃខ្ញុំឈ្មោះ អ៊ុង រចនា ប្រកែកគ្នាជាមួយយុវជនម្នាក់ ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ ហើយខ្ញុំក៏ចុះមកឃាត់ ហើយខ្ញុំបានយកដៃរបស់ខ្ញុំ ទៅចាប់កអាវរបស់យុវជននោះ ស្រាប់តែយុវជនរូបនោះ បានដាល់ខ្ញុំចំនួន៣ដៃ បណ្ដាលបែកច្រមុះហូរឈាម បន្ទាប់មកក៏មានអ្នកជិតខាង បានចូលមកជួយឃាត់បំបែកចេញ។

ចំណែកឯជនសង្ស័យ បានរៀបរាប់អំពីដំណើររឿងឲ្យសមត្ថកិច្ចបានដឹងថា នៅវេលាប្រហែលម៉ោង១០៖៣០នាទីយប់  ថ្ងៃកើតហេតុខាងលើ ខ្ញុំបាទកំពុងអង្គុយផឹក ស្រាប់តែរថយន្តមួយគ្រឿង ម៉ាក CAMRY ស៊េរីឆ្នាំ២០១២ ពណ៌កណ្ដុរប្រមេះ (មិនចាំស្លាកលេខ ) បើកមកដល់មុខកន្លែងខ្ញុំអង្គុយផឹកស៊ី ក្នុងល្បឿនយឺតៗ ហើយខ្ញុំក៏ដើរទៅសួរម្ចាស់រថយន្តថា បងមានទើសផ្លូវអត់ ? ម្ចាស់រថយន្តឆ្លើយថា ទើស  បន្ទាប់មកខ្ញុំក៏បានបើកសោម៉ូតូរបស់ខ្លួន ម៉ាក Suzuki Smash V  ពណ៌ខ្មៅរួចស៊ីផ្លេ បញ្ជាក់ម្ចាស់រថយន្តម្ដងទៀត ពេលនោះប្អូនប្រុសម្ចាស់រថយន្ត បានស្ទុះមកវាយខ្ញុំ ចំថ្ពាល់ខាងឆ្វេងចំនួន២ដៃ បន្ទាប់មកខ្ញុំក៏បានការពារខ្លួន ក៏ក្រវាសដៃទៅត្រូវប្អូនប្រុសម្ចាស់រថយន្តនោះចំច្រមុះ បណ្ដាលឲ្យហូរឈាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាង ចូលមកជួយឃាត់ និងរាយការណ៍ប្រាប់កម្លាំងល្បាតចុះមកឃាត់ខ្លន យកមកធ្វើការសាកសួរ នៅស្នាក់ប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម។

ក្រោយកើតហេតុ ភាគីខាងជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យ និងចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post