header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសន្យាថា នឹងស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារសពលោក ម៉ន វុធ ដែលត្រូវបានមន្រ្តីនគរបាលស្រុកព្រះស្ដេចបាញ់សម្លាប់ ដោយចោទប្រកាន់ថា ជាចោរលួចរថយន្ត កាលពីម៉ោង១១និង០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2679 ក្រោយមានពាក្យបណ្ដឹងថា អ្នកបើករថយន្តខាងលើ បានលួចរថយន្តចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹង មកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS ទើបកម្លាំងនគរបាលស្រុកព្រះស្តេច រួមជាមួយកម្លាំងអាវុធហត្ថផង បានដេញរហូតយករថយន្តមួយគ្រឿង ទៅពាំងហើយក៏ផ្ទុះអាវុធទៅលើជនសង្ស័យទាំង២នាក់ ដែលកំពុងនៅខាងក្នុងរថយន្តរហូតដល់ស្លាប់ម្នាក់ និងរបួសម្នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា “ខ្ញុំមានការសោកស្តាយប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុត ក្រោយទទួលបានព័ត៌មានមកថា លោក ម៉ន វុធ បានទទួលមរណភាព ក្នុងហេតុការណ៍ផ្ទុះអាវុធ កាលពីម៉ោង១១៖០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង”។

សម្ដេចបន្ដថា “ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោក ម៉ន វុធ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា “ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសន្យាថា នឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសព ក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និងជូនសង្គមជាតិយើងទាំងមូល”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post