header ads

Sponsor

ភ្នំពេញៈ ក្រោយពីព្រះរាជអាជ្ញាខេត្តកំពង់ចាម ចេញដីកាបញ្ជាឲ្យកូនប្រុសមេប៉េអឹមខេត្តក្រចេះ ចូលខ្លួនមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ខាងមុខ ក្នុងករណីវាយដកកាំភ្លើងភ្ជង់គូជម្លោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានផ្ដាំផ្ញើទៅមេប៉េអឹមខេត្តក្រចេះ ឲ្យបញ្ចុះបញ្ចូលកូនមកចូលបំភ្លឺ តាមព្រះរាជអាជ្ញា បើសិនមិនចង់អស់តំណែង។

នាពេលថ្មីនេះ មន្រ្តីអាវុធហត្ថឈ្មោះ សាន្ត សុខុម ត្រូវបានគេទម្លាយវីដេអូ នៃការវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ិនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម នាំឲ្យកក្រើកពាសពេញបណ្តាញសង្គម Facebook។ វីដេអូ៤ឃ្លីប ដែលមានរយៈពេលជាង២នាទី ត្រូវបានបង្ហោះនៅលើ Account Facebook មានឈ្មោះថា «Marak Meach» នៅល្ងាចថ្ងៃទី២៣ ខែមីនា បានបង្ហាញ ពីមន្រ្តីអាវុធហត្ថរូបនេះ បានវាយ និងដកកាំភ្លើងភ្ជង់ ទៅលើមិត្តភក្តិរបស់ខ្លួន។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំផ្ដាំទៅមេប៉េអឹមខេត្តក្រចេះផង បញ្ចុះបញ្ចូលកូន ឲ្យមកតាមការកោះហៅព្រះរាជអាជ្ញាខេត្តកំពង់ចាមមក។ វាអត់ទាន់មានរឿងអីទេ។ ប៉ុន្ដែបើសិនស្រឡាញ់កូនពេក អ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ។ ខ្ញុំគ្រាន់តែដកស័ក្តិប្រដេញចោលតែប៉ុណ្ណឹង” ។

សម្ដេចនាយករដ្ឋមន្រ្តី បានចោទសួរមេប៉េអឹមខេត្តក្រចេះថា តើកូនរបស់លោកបានកាំភ្លើងមកពីណា?  តើវាមានសិទ្ធិកាន់កាំភ្លើងទេ? ដូច្នេះ មេប៉េអឹមខេត្តក្រចេះ ត្រូវចូលមកសម្របសម្រួល កុំយកឋានៈ និងតួនាទីទៅបិទបាំងនូវអំពើអាក្រក់របស់កូន ហើយមិនប្រាកដថា អាក្រក់ទេ ដូច្នេះតុលាការកោះហៅគឺត្រូវតែមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post