header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បានរងរបួសបែកសាច់ភ្លៅ​ខ្ទេច បន្ទាប់​ពីជិះម៉ូតូធ្លាក់ជង្ហុកដួលចូលក្រោមរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង កិនអូសជិត១០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ទាក់ទងទៅសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង៨៖៤៥នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចទល់មុខចំណតរថយន្តក្រុង City Bus ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីម​ ស៊េរីចាស់ ពាក់ស្លាកលេខ ប-៥៣០៣ ភព១ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែធ្លាក់ជង្ហុកដួលចូលក្រោមកង់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកអ្នកដំណើរ ពណ៌​ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 3B-6685 ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យជនរងគ្រោះ រងរបួសបែកសាច់ភ្លៅខាងឆ្វេងខ្ទេចតែម្តង ត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅ​សមត្ថកិច្ចហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតមកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុ ម៉ូតូ និងរថយន្តក្រុងបានសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការនគរបាលខណ្ឌឫស្សីកែវ ចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយបន្តទៅតាមផ្លូវច្បាប់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post