Saturday, March 30, 2019

តើច្រកប៉ុស្តិ៍ណាំលៀ នៅតែព្រហើននឹងបទបញ្ជាថ្នាក់លើឬយ៉ាងណា? ឬក៏មកពីគេត្រូវខ្សែគ្នា បានជាបទល្មើសនៅតែបន្តឆ្លងដែន ?

មណ្ឌលគិរីៈ គ្មានការប្តេជ្ញាចិត្តណាមួយត្រូវបានលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត និងជាសមាជិកគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ មានភាពទទួលខុសត្រូវលើវិធានទប់ស្កាត់ការចរាចរណ៍ឈើឆ្លងដែនទៅប្រទេសជិតខាងឡើយ។

ទោះមានវិធានបកស្រាយជាញឹកញាប់ ថាមិនបានជាប់ពាក់ព័ន្ធនូវសំណូកនៃបទល្មើសនេះក៏ដោយ ក៏ការបង្ក្រាបមានកម្រិត ទើបលោក ស្វាយ សំអ៊ាង រងនូវការស្តីបន្ទោសយ៉ាងធ្ងន់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញបទល្មើសព្រៃឈើបន្តកើតមាននៅខេត្តមណ្ឌលគិរី ល្បីក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាអភិបាលខេត្តអសមត្ថភាព។ ប៉ុន្តែ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅរក្សាតំណែងចរិកព្រងើយកន្តើយ ទន់ជ្រាយដដែល រហូតដល់មតិខ្លះសង្ស័យលោកមានការទទួលសំណូកណា១ពីបទល្មើសនេះ។ ដូច្នេះឈ្មួញមានឱកាសច្រើនក្នុងជំនួញ ប្រមូលទិញ ដឹកជញ្ជូនឈើឆ្លងដែនទៅវៀតណាមបានជារឿយៗ។

ជាក់ស្តែង នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ យ៉ាងតិចក៏មានរថយន្តឡង់គ្រឺស័រ ប្រភេទកែច្នៃប្រមាណ ជាង២០គ្រឿង បានដឹកឈើឆ្លងទៅវៀតណាម តាមច្រកទ្វារទ្វេរភាគីប៉ុស្តិ៧-ណាំលៀរ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រហូតដល់មានបញ្ហាបែកពាងប្រហុក ដូចខ្មោចដំរីងាប់លាក់មិនជិតនោះឡើយ ខណៈបន្សល់ទុកនូវភស្តុងនៃបទល្មើសដឹកជញ្ជូនឈើជាក់ស្តែង ដោយសារមានរថយន្តក្រឡាប់មួយគ្រឿង។ ក្នុងនោះ ជាឈើរបស់ឈ្មួញឈ្មោះ សារឿន ម៉ាប់, ឈ្មោះ ឆុង ជាក្រុមឈ្មួញប្រព្រឹត្តមិនរាងចាល។

ចំណុចនេះហើយដែលគេរិៈគន់ថា អភិបាលខេត្ត មេស្នងការខេត្ត មេអាវុធហត្ថខេត្ត មេបរិស្ថានខេត្ត មេកសិកម្មខេត្ត មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បច្ចុប្បន្នកំពុងមមាញឹក និងការងារអង្គភាព ការងារសង្គម ដកឃ្លាមិនបានទេអី ទើបមិនមានពេលទប់ស្កាត់បទល្មើសព្រៃឈើជាចំណុចក្តៅ ដែលរដ្ឋាភិបាលពង្រឹងនិងឲ្យចូលរួមទប់ស្កាត់បង្ក្រាបនោះ..? គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចូរកុំមើលបណ្តាំគ្នាអី ហើយក៏មិនត្រូវឆ្លើយយករួចខ្លួនក្នុងរឿងនេះដែរ គួរណាស់អាសូរថ្នាក់លើបានខិតខំកំណែទម្រង់ ជាមួយនិងការរិៈគន់ពីប្រជាជននោះផង។

និយាយរួម ទាំងលោកចៅហ្វាយខេត្ត លោកស្នងការ មិនអាចធ្វើអីលោក សំរិទ្ធ ណយ មេច្រកទ្វេរភាគីប៉ុស្តិ៧-ណាំលៀរ នេះបាន ព្រោះដឹងហើយ ឮហើយ ឃើញហើយថា ឈើឆ្លងដែនទៅវៀតណាមតាមច្រកនេះ ហេតុអីមិនចាត់វិធានការក្នុងដែនសមត្ថកិច្ចរបស់លោក សំរិទ្ធ ណយ ទទួលខុសត្រូវ..! ឬអាចកើតឡើងលក្ខណៈធូរលុងតាមរយៈអង្គការចាត់តាំង ហែកប្រយោជន៍ចែកគ្នា៕

ផ្ដល់សិទ្ធិដោយ៖ campost.news

Feature Ads