header ads

Sponsor

កំពង់ស្ពឺៈ ប្រជាពលរដ្ឋ ដែលរកស៊ីដឹកផលអនុផលព្រៃឈើតាមគោយន្តន្ត្រៃជាលក្ខណៈគ្រួសារ កំពុងតែមានភាពក្តៅក្រហាយ និងរិះគន់យ៉ាងខ្លាំង ទៅលើលោក លាភ សុខលីម អនុប្រធានស្នាក់ការភ្នំតូច ដែលបានជំរិតទារប្រាក់រាប់សែនរៀល ក្នុងគោយន្តនីមួយៗ។

ស្នាក់ការបរិស្ថាននេះ ស្ថិតនៅចំណុចភ្នំតូច ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលគេដឹងច្បាស់ថា មានការគ្រប់គ្រងដោយលោក លាភ សុខលីម ហៅ ទុន អាយុជាង៤០ឆ្នាំ ស្នាក់នៅទីតាំងខាងលើនេះតែម្តង។

មន្ត្រីនគរបាលស្រុក ឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ គេសង្កេតឃើញលោក លាភ សុខលីម ហៅ ទុន កំពុងតែដើរដាក់បណ្តាញគ្រប់ទីកន្លែងឲ្យចាំរាយការណ៍ពីសកម្មភាពក្រុមអ្នកដឹកឈេី(ប្រជាពលរដ្ឋ) តាមរថយន្តទួរីស និងគោយន្តកន្ត្រៃ មកខ្លួន ដើម្បីងាយស្រួលក្នុងការប្រម៉ាញ់ចាប់យកប្រាក់ពីក្រុមអ្នកដឹកឈើទាំងនោះ ក្នុងម្នាក់ៗ លុយរាប់ម៉ឺនរាប់សែនរៀល។

បើតាមប្រភពដដែល មន្ត្រីបរិស្ថានរូបនេះ តួនាទីត្រឹមតែជាអនុប្រធានស្នាក់ការបរិស្ថានភ្នំតូចទេ ប៉ុន្តែមានរថយន្តស៊េរីទំនើបជិះថែមទៀតផង ខុសពីមន្ត្រីបរិស្ថានក្នុងមូលដ្ឋានមួយចំនួន ដែលនៅជាមួយគ្នា រកតែម៉ូតូកញ្ចាស់ជិះមួយគ្មានផង។ ដូច្នេះហើយ ទើបមានការរិះគន់ថា ដោយសារតែលោកអនុប្រធាន ចេះប្រព្រឹត្តអំពើជំរិតនេះហើយ ទើបលោកមានលុយទិញនោះ។

ដោយឡែក ប្រភពពីក្រុមប្រជាពលរដ្ឋ ដែលរកស៊ីដឹកឈើតាមគោយន្តកន្ត្រៃជាលក្ខណៈគ្រួសារ បានទម្លាយប្រាប់ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះថា ការដឹកជញ្ជូនផលអនុផលព្រៃឈើបន្តិចបន្ទួចជាលក្ខណៈគ្រួសារ ដើម្បីមកលក់ដូរអង្ករហូប ត្រូវបានលោក លាភ សុខលីម ចាប់ជំរិតទារប្រាក់ពីពួកគាត់ស្ទើរតែគ្មានប្រាក់សល់បន្តដំណើរទៅមុខនោះទេ ដោយក្នុងគោយន្តមួយគ្រឿង ទារលុយចំនួន១លានរៀលឯណ្ណោះ ទាល់តែពួកគាត់អង្វរកខ្លាំង ទើបលោកអនុប្រធានស្នាក់ការរូបនោះ ចុះនៅត្រឹម៦០ម៉ឺនរៀល ហើយបើកឲ្យចេញបាន។

ប្រភពខាងលើ បានបន្តទៀតថា ការបង្គាប់ទារប្រាក់ពីក្រុមអ្នកដឹកឈើខាងលើ គឺលោក លាភ សុខលីម ហៅទុន តម្រូវឲ្យពួកគាត់បង់លុយក្នុងមួយគោយន្ត ចាប់ពី៥ម៉ឺនរៀល ដល់១២ម៉ឺនរៀល ជាប្រភេទឈើមូល។ រីឯឈើគ្រឿងធ្វើផ្ទះវិញ បើខលមកប្រាប់មុន ត្រូវបង់មួយគោយន្តជាង១០ម៉ឺន តែបើមិនប្រាប់ ស្កាត់ចាប់បានវិញ ត្រូវវិន័យមួយគុណជាដប់។ នេះជាហាងឆេង មិនអាចតថ្លៃបាន។

សកម្មភាពអវិជ្ជាមានរបស់មន្ត្រីរូបនេះ បានដើរប្រព្រឹត្តមកលើក្រុមប្រជាពលរដ្ឋដឹកផលអនុផលព្រៃឈើតាមគោយន្តន្ត្រៃយូរឆ្នាំមកហើយ គេមិនដែលឃើញថ្នាក់លើចុះស្រាវជ្រាវរឿងទាំងនេះម្តងណានោះទេ សូម្បីមានការរាយការពីស្ថានប័នខាងណាក៏ដោយ ក៏ថ្នាក់លើមិនឈឺក្បាលនោះដែរ។ ចំណុចទាំងនេះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនមួយចំនួន លើកឡើងថា លោក លាភ សុខលីម ហៅ ទុន មានបក្ខមានពួកខ្សែស្រឡាយធំៗនៅលើហើយមើលទៅ បានហ៊ានចាប់ជំរិតទារប្រាក់បែបនេះ។

ប្រជាពលរដ្ឋបញ្ជាក់ផងដែរថា បើគ្មានបញ្ជាពីលោក ខន សុខខុន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បញ្ជានោះទេ ក៏លោកប្រធានស្នាក់ការនានា មិនក្រោម១០កន្លែងនោះទេ នៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពងនោះ (នេះមិនទាន់គិតពីស្ថាប័នផ្សេងៗ មានយោធា កម្លាំងនគរបាលសេដ្ឋកិច្ច កម្លាំងអាវុធហត្ថ និងជំនាញផងដែរនោះ) ទង្វើរបស់លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃ ធ្វើខាងលើនេះ សបញ្ជាក់ឲ្យឃើញថា កំពុងតែប្រព្រឹត្តអំពើពុករលួយលក្ខណៈជាប្រព័ន្ធហើយ។ ដូចនេះ ប្រជាពលរដ្ឋសង្ឃឹមថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងបានជ្រាបរឿងនេះ ការបង្កើតមន្ត្រីបរិស្ថាន ក៏ដូចជាមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះឡើង មិនមែនមកទប់ស្កាត់ដីរដ្ឋ ឬទប់ស្កាត់ព្រៃឈើនោះទេ គឺបង្កើតមកហាក់បីដូចជាបំផ្លាញព្រៃឈើទៅវិញ បើម្នាក់ៗ គិតតែពីប្រព្រឹត្តអំពើពុករលួយ ហើយការចាប់បង្ក្រាបគ្មាននោះទេ។ កន្លងទៅថ្មីៗនេះ មានក្រុមឈ្មួញលួចដាក់គ្រឿងចក្រ ទៅធ្វើការឈួសឆាយដីបាតបឹងធម្មជាតិរបស់រដ្ឋជាង២០ហិកតា ខាងលិចទំនប់ឥណ្ឌា ឬហៅថា ទំនប់តាសាល ស្ថិតក្នុងចំណុចអូរអន្ទង់ ឃុំតាសាល ស្រុកឱរ៉ាល់ ក្រោមការគ្រប់គ្រងរបស់លោក ខន សុខខុន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះ តែលោកបែរជាមិនដឹងទៅវិញ តើលោករវល់ ឬក៏ធ្វើមិនដឹង?

ជុំវិញការចោទខាងលើនេះដែរ លោក អែម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រាប់អង្គភាពសារព័ត៌មាន Cam Post តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះថា លោកបានទទួលព័ត៌មានយូរមកហើយ តែរកមិនឃើញការពិតនោះទេ។ ប៉ុន្តែយ៉ាងណា លោកថា នឹងបន្តធ្វើការស្រាវជ្រាវរឿងនេះឡើងវិញ ប្រសិនជាមន្ត្រីរបស់លោកធ្វើអំពើបែបនេះ លោកក៏មិនគាំទ្រនោះទេ ព្រោះបញ្ជាថ្នាក់លើសូមឲ្យខាងមន្ត្រីបរិស្ថា នតាមគោលដៅ ធ្វើការទប់ស្កាត់បទល្មើសព្រៃឈើ លោកមិនបានបញ្ជាឲ្យទៅយកលុយពីក្រុមអ្នកដឹកឈើនោះទេ។

ទោះបីជាយ៉ាងណានោះ ក្រុមប្រជាពលរដ្ឋ ដែលដឹកជញ្ជូនផលអនុផលព្រៃឈើ ជាលក្ខណៈដូរអង្ករជាប្រចាំ ពួកគាត់ធ្វើការសំណូមពរឲ្យលោក លាភ សុខលីម សូមលោកបន្ធូរដៃបន្តិចទៅ កុំគាបសង្កត់ធ្វើបាបប្រជារាស្ត្រតូចតាចពេក ព្រោះជៀសវាងខឹងគោវាយរទេះក៏ថាបាន ជាពិសេសលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមលោកមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបើកស៊ើបអង្កេតស្រាវជ្រាវលើភាពអវិជ្ជមាន ចំពោះមន្ត្រីរូបនេះ ដែលកំពុងប្រព្រឹត្តអំពើពុករលួយ មិនគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ជាពិសេសផ្គើននឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ស្តីអំពីការលុបបំបាត់នូវកុងត្រូលជជុះជាដើមនោះ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post