header ads

Sponsor

ភ្នំពេញៈ ជប៉ុន ផ្តល់ជំនួយ២លាន៧សែនដុល្លារ ដល់គម្រោងអភិវឌ្ឍន៍មូលដ្ឋាន សម្រាប់បង្ការគ្រោះមហន្តរាយ ដើម្បីឆ្លើយតបទៅការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនៅកម្ពុជា។

ការផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាប្រគល់ និងទទួលដោយលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ហូរីណូ ហ៊ីដេហ៊ីសា ជាមួយលោកស្រី ហ្វ្រែន សេសកា អ៊ីឌីម៉ាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២១ មីនានេះ នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណា ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសាក្សី។

លោក ហូរីណូ ហ៊ីដេហ៊ីសា ថ្លែងថា ជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ នឹងអាចកាត់បន្ថយផលប៉ះពាល់ នៃភាពភ័យខ្លាចសម្រាប់សហគមន៍មូលដ្ឋានក្នុងតំបន់ ដែលងាយរងគ្រោះដោយទឹកជំនន់ក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើនយន្តការកាត់បន្ថយហានិភ័យ និងការកែលម្អ ដើម្បីអាចទទួលបានទីទួលសុវត្ថិភាព និងព័ត៌មានសង្គ្រោះជីវិតជាដើម។

ម្យ៉ាងវិញទៀត ការផ្ដល់ជំនួយនេះ ដើម្បីគាំទ្រដំណើររបស់កម្មវិធីស្បៀងអាហារពិភពលោក ក្នុងការជម្លៀស និងកសាងឡើងវិញ សម្រាប់ប្រជាជន និងសហគមន៍ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ គឺជាបញ្ហាប្រឈមដ៏សំខាន់បំផុត ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹងព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។

លោកស្រី ហ្វ្រែន សេសកា អ៊ីឌីម៉ាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំទី៤០ ដែលប្រជាជនកម្ពុជាបានទទួលការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក ដោយចាប់តាំងពីឆ្នាំ១៩៧៩មក កម្មវិធីស្បៀងអាហារពិភព លោកបានធ្វើការដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់គ្រួសារ និងសហគមន៍ដែលងាយរងគ្រោះបំផុត តាមរយៈការពារ និងការជួយដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ពួកគេ អំពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិនានា។ លោកស្រីថា ប្តេជ្ញាជាមួយរាដ្ឋាភិបាលជប៉ុន ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post