header ads

Sponsor

ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យ១ខ្នង ខ្លោងទ្វារ ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថ្ងៃសៅរ៍ ទី១៦ ខែមិនា ឆ្នាំ២០១៩។

លោក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ នៃការសម្ពោធបណ្ណាល័យគ្រូ និងពាំនាំការផ្តាំផ្ញើរសួរសុខទុកពីសម្តេចតេជោ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគៀងគរពីសប្បុរសជនពីទីជិតទីឆ្ងាយ ក្នុងនិងក្រៅប្រទេស។ ទឹកដីដែលយើងកំពុងតែឈរនៅព្រឹកនេះ ពីមុនគឺគ្រាន់តែជាស្រះទឹកមួយតែប៉ុណ្ណោះគ្មានមនុស្សចាប់អារម្មណ៍ទេ ប៉ុន្តែបច្ចុប្បន្នវាក៏បានក្លាយទៅជាសាលារៀន សួនច្បារ បណ្ណាល័យដែលជាការរចនាយ៉ាងស្អាតទៅតាមភាពជឿនលឿនរបស់ប្រទេសយើង។ សមិទ្ធផលទាំងអស់នេះហើយ សូមប្អូនៗមេត្តាថែរទាំបន្តទៅមុខទៀត ហើយក៏ត្រូវបន្សល់ទុកអោយប្អូនៗជំនាន់ក្រោយៗ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា អ្នកខ្លះដើរនិយាយ រិះគន់វិស័យអប់រំ។ អ្នកនិយាយហ្នឹង មានបានដឹងទេថា វិស័យអប់រំរបស់យើងដើរដល់កម្រិតណាទៅហើយ ពិចារណាមើលផងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់គ្មានក្បាលបរទេសណាមកដឹកនាំទេ។ ធនធានមនុស្ស ពីថ្នាក់លើដល់ថ្នាក់ក្រោមគឺជាកូនខ្មែរទាំងអស់ ហើយសុទ្ធសឹងតែចេញពីករវែក ករឆ្នាំងទាំងអស់ តាំងពីឆ្នាំ១៩៨០មកម៉្លេះ។

លោកបន្តថា ការបង្កើតធនធានមនុស្សបាន ហើយមានអទិភាពមានការងារទាំងការងាររដ្ឋ ទាំងការរកស៊ីលើវិស័យឯកជននោះគឺមិនមែនកើនតែបរិមាណហើយអត់គុណភាពទេ វាត្រូវតែដើរស្របគ្នា ដោយផ្អែកលើគោលដៅ២សំខាន់ៗគឺ សុខភាព និងសមត្ថភាព។ សេដ្ឋកិច្ចយើងមកទល់ពេលនេះគឺលេខ៧ល្បឿនលឿនក្នុងចំណោម១០០ប្រទេស។ វិស័យអប់រំ កំណើនសិស្សក៏កើនឡើង ហើយមួយចំនួនក៏បានអាហារូបករណ៏សិក្សានៅក្រៅប្រទេស បន្ទាប់មកត្រលប់វិលចូលប្រទេសវិញ ដើម្បីអភិវឌ្ឍប្រទេស អោយកាន់តែជឿនលឿនបន្ថែមទៀត។ សូមឲ្យពលរដ្ឋគ្រប់រូប ត្រូវចេះរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជំរុញ ឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងក្លាយជាយុវជនគំរូ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។

សូមបញ្ជាក់ថាសមិទ្ធផលមួយចំនួននៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមរួមមាន បណ្ណាល័យមួយខ្នង ខ្លោងទ្វារ ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ក្រុមការងារជាតិ យុវជនជនបង្គោល អាជ្ញាធរចំណាត់ថ្នាក់ អតីតសិស្សវិទ្យាល័យព្រៃទទឹង លោកគ្រូអ្នកគ្រូ យុវជនសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post