header ads

Sponsor

សៀមរាបៈ ស្ងាត់ៗ ថៅកែលក់រថយន្តក្នុងខេត្តសៀមរាបម្នាក់ ត្រូវបានព្រះរាជអាជ្ញារងខេត្តកំពង់ធំ ចេញដីកាឲ្យចាប់ខ្លួនជាបន្ទាន់ ពីបទទទួលផលចោរកម្ម និងសមគំនិតឆបោក ខណៈជនសង្ស័យកំពុងនៅកន្លែងស្ទីម។ ក្រោយការចាប់ខ្លួន និងបញ្ជូនដល់ខេត្តកំពង់ធំ លោកថៅកែរូបនេះ ត្រូវតុលាការចេញដីកាបញ្ជាឲ្យដាក់គុកតែម្ដង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តសៀមរាប ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យ Cam Post ដឹងនៅថ្ងៃទី១៧ ខែមីនានេះថា លោក តឹក គង់ ដែលជាថៅកែលក់រថយន្តក្នុងខេត្តសៀមរាប ត្រូវបានព្រះរាជអាជ្ញារងនៃតុលាការខេត្តកំពង់ធំ បញ្ជាឲ្យចាប់ខ្លួន ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺទទួលផលចោរកម្ម និងសមគំនិតឆបោក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីអំឡុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ តាមមាត្រា២៩ និងមាត្រា៤០០ នៃក្រមព្រហ្មទណ្ឌ។

ប្រភពបន្តថា កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ថ្មីៗនេះ បានសុំអន្តរាគមន៍សហការពីកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តដីកាចាប់ខ្លួនជនសង្ស័យឈ្មោះ តឹក គង់ ខណៈជនសង្ស័យជាថៅកែរថយន្តរូបនេះ កំពុងស្ថិតនៅកន្លែងស្ទីម ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

បើតាមប្រភពដដែល បន្ទាប់ពីបានធ្វើការឃាត់ខ្លួន និងបញ្ជូនទៅដល់ខេត្តកំពង់ធំហើយនោះ នៅល្ងាចថ្ងៃដដែល សាលាដំបូងខេត្តកំពង់ធំ ក៏បានបញ្ជាឲ្យឃុំខ្លួនថៅកែលក់រថយន្តរូបនោះតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post