header ads

Sponsor

ភ្នំពេញៈ បងប្រុសតារាសម្តែង​ ប៉េនីយ៉ាំង​ ត្រូវបាន​តារាសម្តែងស្រី​ លី​ ឡាវីន​ ​ហៅ​បក្ខ​ពួក​​មកត្រួត​គ្នាវាយ ក្នុង​ហាងអាហារបែបចិនមួយកន្លែង បណ្តាលឲ្យរបួសក្បាល រួចជនបង្ក​បាន​នាំគ្នាឡើ​ងរថយន្ត Ranger Rover បើ​កគេចចេញពីកន្លែងកើ​តហេតុបាត់។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៨៖១០នាទីយប់​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចហាងផឹកស៊ីមួយកន្លែង​ យីហោ "សាច់អាំងបែបចិន"​ មានទីតាំង​នៅជាប់រោងចក្របារី នៅលើ​ផ្លូវជាតិលេខ២​ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីអ្នកឃើ​ញហេតុការណ៍ បានរៀបរាប់ប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ឲ្យដឹងថា មុនពេលកើតហេតុ គេឃើ​ញបុរស២នាក់​ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា បានចូលផឹកស៊ីនៅក្នុងហាងកើតហេតុខាងលើ ដោយអង្គុយតុខាងក្នុង​ ក្រោយមកក៏ឃើ​ញមានបុរស២នាក់​ និងនារីរូបស្រស់ម្នាក់ទៀត​ ដែលគេស្គាល់ច្បាស់ថា​ កញ្ញា លី​ ឡាវិន ជា​តារាសម្តែង​ម្នាក់ (ថតចម្រៀងកាយវិកាយ) បានបើ​ករថយន្តស៊េរីទំនើ​បមួយគ្រឿង ម៉ាក Ragne Rover ដឹកគ្នាមកញាំអាហារនៅក្នុងហាងកើ​តហេតុនោះ​ដែរ​ ដោយអង្គុយតុខាងមុខហាង​ នៅជាប់កន្លែងអាំងសាច់។

ប្រភពដដែលបន្តថា​ ក្រោយមកមិនដឹងថា មានរឿងអី្វទេ ស្រាប់តែមានបុរសម្នាក់​ទៀត ពាក់ម៉ាស​បិទមុខ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ​មិនចាំម៉ាកមួយគ្រឿង​ រួចមកនិយាយជាមួយ​កញ្ញា​ លី​ ឡាវីន និងបុរស២នាក់នោះ ក្រោយមកស្រាប់តែបុរស ដែលពាក់ម៉ាសនោះ បានកាន់មួកសុវត្ថិ​ភាពមួយ​ ដើ​រសំដៅចូលទៅក្នុងហាង រួចធ្វើ​សកម្មភាពវាយក្បាលបុរសម្នាក់​ដែលកំពុងចុចទូរស័ព្ទ​ពីក្រោយ បែកមួកការពារខ្ទេច បណ្ដាលឲ្យបែកក្បាលចេញឈាម ហើយបុរសរងគ្រោះ ក៏ស្ទុះងើ​បមកប្រតាយប្រតប់ជាមួយបុរស ដែលពាក់ម៉ាសនោះ ហើ​យធ្លាក់ទូរស័ព្ទទៅលើ​តុ ភ្លាមនោះឃើ​ញកញ្ញា លី ឡាវីន បានទាញកៅអីដែកមកវាយចំក្បាលបុរសរងគ្រោះថែមមួយកៅអីទៀត​ បណ្ដាលឲ្យបែកក្បាលហូរឈាមតែម្ដង ទើបបុរសរងគ្រោះស្ទុះរត់​ចូលក្នុងបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្នុងហាងអាហារចិនខាងលើនោះ​ ភ្លាមនោះភាគីកញ្ញា​ លី​ ឡាវីន​ និងបុរសពីរបីនាក់ទៀត នាំគ្នាឡើ​ងលើ​រថយន្ត Ranger Rover បើ​កគេចចេញពីកន្លែងកើ​តហេតុបាត់ ។

ក្រោយមកសមត្ថកិច្ច បានចុះមក​អន្តរាគមន៍ភ្លាមៗដែរ នឹងនាំយកជនរងគ្រោះទៅប៉ុស្តិ៍​ ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់។

ជនរងគ្រោះ​ ឈ្មោះ​ ប្រាក់ ហាវ​ អាយុ៣០ឆ្នាំ មុខធ្វើ​ការ​ ស្នាក់នៅខណ្ឌច្បារអំពៅ​ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃកើតហេតុ​ រូបគាត់បានជិះម៉ូតូជាមួយមិត្តភក្តិ​ម្នាក់ទៀតឈ្មោះ ពេជ្រ មកហូបអាហារ និងផឹកស្រាជាមួយគ្នា នៅក្នុងហាងអាហារបែបចិន នៅជិតរោងចក្របារី ភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនរងគ្រោះ​បន្តថា ខណៈកំពុងអង្គុយផឹកស្រានៅតុខាងក្នុងហាង មានមនុស្សប្រុស២នាក់ និងមនុស្សស្រីម្នាក់ឈ្មោះ​ លី ឡាវីន ដែលរូបគេធ្លាប់ស្គាល់ ជាតារាសម្ដែ​ងកាយវិកាចូលមកហាងផឹកស៊ីហាងនេះដែរ​ តែអង្គុយនៅខាងមុខហាង​ ខណៈអង្គុយផឹកស្រា២នាក់មិត្តភក្តិ ស្រាប់តែអ្នកទាំង៣នាក់នោះដើ​រសំដៅមកតុគាត់​ រួចមនុស្សប្រុសម្នាក់ បានយកមួកសុវត្ថិ​ភាពវាយមកលើគាត់ពីក្រោយចំក្បាល បែកមួកការពារ និងបែកក្បាល ហើ​យយកទូរស័ព្ទ iphone x គាត់​ រួចឡើងរថយន្ត​ បើ​កចេញទៅបាត់។

ក្រោយកើ​តហេតុ​ ជនរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ​ ដើ​ម្បី​ឲ្យសមត្ថកិច្ចហៅភាគីបង្កមកធ្វើការដោះស្រាយ​តាមច្បាប់។ ជុំវិញរឿងនេះដែរ​ ភ្នាក់ងារ​សារព័ត៌មាន​ខេមប៉ុស្តិ៍​​ នៅមិនទាន់ទទួលបានការបំភ្លឺពីភាគី​តារាសម្តែង​ លី​ ឡាវីន​ នៅឡើ​យទេ​ ពាក់ព័ន្ធនិងករណីនេះ​៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post