header ads

Sponsor

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាវិវាទដីធ្លីដែលមានអ្នកធំ និងអ្នកលុយចូលមកធ្វើអន្តរាគមន៍នៅខេត្តព្រះសីហនុ ត្រូវតែបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ជាបន្ទាន់ ដកខ្លួនចេញ ដើម្បីការពារផលប្រយោជន៍ជាតិ ពិសេសការពារដាច់ខាតនូវដីរដ្ឋ ព្រោះវាជាផលប្រយោជន៍ទាំងអស់គ្នា។ យោងតាមការចេញផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ។

សម្ដេចថ្លែងបែបនេះ ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ បានបង្ខំចិត្តអនុវត្តអភិក្រមទី៥ ចេញអនុក្រឹត្យដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ចេញពីអភិបាលរងខេត្តព្រះសីហនុ មិនយូរប៉ុន្មាន សម្ដេចបានឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេត និងចាត់ការបន្ត។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែមីនា សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “ទាក់ទងនិងបញ្ហាវិវាទដីធ្លីដែលមានអ្នកធំ និងអ្នកលុយចូលមកធ្វើអន្តរាគមន៍នៅខេត្តព្រះសីហនុ ត្រូវតែបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ជាបន្ទាន់ ដកខ្លួនចេញ ដើម្បីការពារផលប្រយោជន៍ជាតិ ពិសេសការពារដាច់ខាតនូវដីរដ្ឋ ព្រោះវាជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ម្យ៉ាងទៀត បញ្ហាទំនាស់ដីធ្លីទុកឲ្យខេត្តជាអ្នកធ្វើការដោះ ស្រាយប្រកបដោយយុត្តិធម៌ និងត្រូវយកច្បាប់មកអនុវត្តជាមូលដ្ឋាន។ ដោយសារតែកន្លងមក មានមន្ត្រីមូលដ្ឋានបានចុះហត្ថលេខាលើឯកសារដីធ្លីជាន់លើគ្នា បណ្តាលឲ្យមានវិវាទកើតឡើង”។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត សម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេសសន្តិភាព និងសុខមាលភាពសង្គម ក្នុងការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការកៀងគរធនធានទុនយ៉ាងច្រើន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ប៉ុន្តែរាល់អ្នកវិនិយោគត្រូវតែចូលរួមគោរពច្បាប់កម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post