header ads

Sponsor

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យការដ្ឋានជួសជុលស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) គោលបំណងត្រួតពិនិត្យអំពីស្ថានភាពនៃការជួសជុល ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់ សម្រាប់ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ស្ពានជ្រោយចង្វារនេះ ត្រូវបានជួសជុលឡើងវិញចំណាយថវិកាប្រមាណ៣០លានដុល្លារ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយបានចាប់ផ្តើមបើកការដ្ឋាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ។

សូមរំលឹកថា ស្ពានជ្រោយចង្វារមានប្រវែង៩៧១ម៉ែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដីរាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ពោធឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។ ស្ពាននេះ ត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ សម្ដេចព្រះបាទ ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post