header ads

Sponsor

ភ្នំពេញៈ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមាននៅចំពោះលោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ថា លើកក្រោយ បើចាប់ម្ចាស់ដែលជាអ្នកផលិតផលក្លែងក្លាយមិនបានទេ គឺសម្តេច នឹងមិនចូលរួមក្នុងការដុតបំផ្លាញចោលទៀតទេ។

ក្នុងឱកាសចូលរួមកម្ទេចចោល នូវផលិតផលក្លែងក្លាយជាង៧០តោន នៅទីលានដីតាមបណ្ដាយមហាវិថីសម្ដេចតេជោ៦០ម៉ែត្រ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អះអាងថា បើសមត្ថកិច្ចជំនាញនៅតែបន្តបណ្តែតបណ្តោយឲ្យអ្នកដែលផលិតផលិតផលក្លែងក្លាយទៀត ផលិតផលទាំងនោះនៅតែមាន ហើយនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋនៅទូទាំងប្រទេស។

ផលិតផលក្លែងក្លាយ ខូចគុណភាពកម្ទេចចោលព្រឹកនេះ រួមមាន ថ្នាំពេទ្យក្លែងក្លាយ១០៦មុខ, ទឹកសុទ្ធម៉ាក Evian, Saint Amanda, Montcalm ជិត៦ពាន់កេស និងផលិតផលជីកកសិកម្មជិត៨តោន សរុបទាំងអស់ មានជាង៧០តោន។

សម្តេច ស ខេង បញ្ជាក់ថា “ដាក់បទបញ្ជាទៅគណៈកម្មាធិការថា លើកក្រោយ មិនមែនថា ចង់កាត់ទោសអ្នកនេះ អ្នកនោះទេ លើកក្រោយបើថា ចាប់បានផលិតផលហ្នឹងហើយ ត្រូវតែចាប់បានម្ចាស់ បើមិនចាប់បានម្ចាស់ទេ ខ្ញុំមិនមកបំផ្លាញទៀតទេ នេះលក្ខខ័ណ្ឌខ្ញុំស្តាប់ឲ្យបាន”។

សម្តេចបន្តថា បើគ្រាន់តែចាប់បានផលិតផលក្លែងក្លាយបែបនេះ តើពេលណាទៅបានអស់ផលិតផលក្លែងក្លាយ? បើមិនព្រមចាប់ម្ចាស់អ្នកផលិត។ ឧបនាយករដ្ឋមន្រ្តី ឲ្យដឹងទៀតថា “លក្ខខ័ណ្ឌបើចង់ឲ្យខ្ញុំមក ត្រូវចាប់ម្ចាស់ ឬអ្នកទទួលខុសត្រូវ លើផលិតផលក្លែងក្លាយនេះ”។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យសមត្ថកិច្ចពាក់ព័ន្ធរួមគ្នា បង្រ្កាបរាល់ផលិតផលក្លែងក្លាយ ដោយត្រូវសហការគ្នា មិនអាចធ្វើតែម្នាក់ឯងបានទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post