header ads

Sponsor

ភ្នំពេញៈ អគ្គិភ័យ​ឆាបឆេះផ្ទះ​ស្តុក​ទុក​​គ្រឿង​អគ្គិសនី និងគ្រឿង​អេឡិចត្រូនិក​​​មួយ​កន្លែង​ ​បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដល់បងប្អូនប្រជាពលរដ្ឋ ​និងសមត្ថកិច្ច​ ព្រមទាំងរថយន្តពន្លត់អគ្គិ​ភ័យ​ ចេញជួយអន្តរាគមន៍បាញ់ពន្លត់​ ខណៈដែល​សម្ភារៈ​មួយ​ចំនួនធំ​ ត្រូវបានខូចខាត ​និង​បុរស​វ័យចំណាស់​ម្នាក់​រង​របួស​ ហើ​យត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅមន្ទីរពេទ្យ។

​អគ្គិភ័យ​នេះ ​ឡើង​កាលពីវេលា​ម៉ោង​ជាង​៩យប់​ថ្ងៃចន្ទ​ ទី​១១​ ខែមី​នា​ ឆ្នាំ​២០១៩ នៅត្រង់ចំណុចផ្ទះល្វែងលេខ២៣AB ដែលមានម្ចាស់ជាជនជាតិចិន​ ជួលស្តុកគ្រឿងអគ្គិសនី​ និងគ្រឿង​អេឡិចត្រូនិក​ ​ម៉ាក​ KAMISAFE នៅតាម​បណ្ដោយ​ផ្លូវ​៣៤៨ កែង​ផ្លូវ​លេខ​១៤៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកងទី​៣​ ​ខណ្ឌ​ចំការមន​ ​រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ បាន​ប្រាប់​ឲ្យ​ភ្នាក់ងារ​ខេមប៉ុស្តិ៍​ ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គាត់បាន​ឃើញ​ផ្សែង​ខ្មួលខ្មាញ់​ចេញ​ពី​ក្នុង​​ផ្ទះ​ ដែល​ស្តុក​​គ្រឿង​អគ្គិសនី​ និងគ្រឿង​អេឡិចត្រូនិក​យ៉ាង​ខ្លាំង​ ភ្លាម​ៗ​នោះ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍ ​បាន​ស្រែក​ហៅ​ឆោឡោ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ទាក់ទង​ទៅ​សមត្ថកិច្ចមូលដ្ឋាន​ ដើម្បី​ធ្វើ​ការ​​សហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ ឲ្យចុះមកធ្វើការអន្តរាគមន៍ជាបន្ទាន់​ផង​ដែរ​។

មិន​បាន​ប៉ុន្មាន​ផង​ ​ស្រាប់​តែ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ជា​ច្រើន​​គ្រឿង​ បានមក​ដល់កន្លែងកើ​តហេតុជាបន្តបន្ទាប់ តែដោយសារផ្ទះកើ​តហេតុ​ បានចាក់សោរបងផង​ និងចាក់សោទ្វារខាងក្នុងទៀត​ ទើ​បសមត្ថកិច្ចធ្វើ​ការកាត់ផ្ដាច់សោ​ចូលទៅវាយបំបែកកញ្ចក់​ ដើ​ម្បីឲ្យក្រុមពន្លត់អគ្គិភ័យ​​ធ្វើ​ការ​បាញ់​ពន្លត់​ ដោយ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ទឹក​ជា​ច្រើន​គ្រឿង​ ទើប​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១១៖៣០នាទីយប់ថ្ងៃដដែល។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ លោក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​បង្ការ និងពន្លត់អគ្គិភ័យ​ ដឹកនាំកម្លាំងចុះធ្វើ​ការអន្តរាគមន៍ផ្ទាល់ ដោយប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​២៤គ្រឿង ​បានចេញមកជួយអន្តរាគមន៍ បាញ់ពន្លត់​អស់​ជា​ច្រើន​គ្រឿង ​ទើបអាច​ទប់ស្កាត់​នៃ​ការ​ឆេះនេះ​​ មិន​ឲ្យ​រាលដាល​ទៅ​ផ្ទះនៅជាប់គ្នានោះ​ឡើ​យ។

​ហេតុ​ការណ៍​នេះ ក៏បណ្តាល​ឲ្យ​​មាន​បុរស​វ័យចំណាស់ម្នាក់​​ បាន​រង​របួស​​រអិលដួលផ្ងាក្រោយ​ ខណៈគាត់ប្រមូលសម្ភារៈយកចេញមកក្រៅ​ ទាំងភ័យស្លន់ស្លោ​ ទើ​បធ្វើ​ឲ្យរអិលជើ​ងដួលផ្ងាក្រោយ នៅមុខផ្ទះរបស់គាត់ ជាប់ផ្ទះកំពុងឆេះនោះ​ ហើ​យត្រូ​វបានសមត្ថកិច្ចជួយគ្រាទៅកាន់កន្លែងមានសុវត្ថិ​ភាព និងត្រូវក្រុមគ្រួសារហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​គ្លីនិកឯកជនមួយគ្រឿង​ មកដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​ឯ​មន្ទីរពេទ្យ​។ ចំណែក​ឯ​​សម្ភា​រៈ​មួយ​ចំនួនធំ ​ដែលស្តុក នៅ​ជាន់​ខាង​លើ​ ត្រូវ​​បាន​អណ្ដាតភ្លើង​ឆាបឆេះ​ខ្ទេច គ្មាន​សល់​អ្វី​ឡើយ​​។

សមត្ថកិច្ច​ បានអោយដឹងថា​ ក្រោយកើតហេតុ​ គេឃើ​ញមានជនជាតិចិនប្រុសស្រី២នាក់ ដែលជាម្ចាស់ផ្ទះនោះ​ បានត្រឹមតែឈរមើល​ និងសោកស្ដាយចំពោះសម្ភារៈ ដែលត្រូវបានអគ្គិភ័យបំផ្លាញអស់មួយចំនួនធំនោះ ហើយចិនប្រុសស្រីទាំង២នាក់នោះ​ ក៏ត្រូវបានសមត្ថកិច្ចធ្វើ​ការសាកសួរ និងបំភ្លឺផងដែរ។

សមត្ថកិច្ចបន្ថែមថា ករណី​អគ្គិ​ភ័យ​ខាងលើ​​នេះ មិនបាន​បង្ក​អោយ​ឆេះរាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​នោះ​ទេ​ គ្រាន់តែរោលផ្សែងខ្មៅតែប៉ុណ្ណោះ គឺខូតខាតតែ​សម្ភារៈ​ គ្រឿងអគ្គិ​សនីសម្រាប់លក់​មួយ​ចំនួន​ធំ​ ដែល​នៅ​ក្នុង​ផ្ទះ​ជាន់​ទី១ ដែលមានទំហំ​៤ម៉ែត្រ​គុណ​១៦ម៉ែត្រ ជាប្រភេទផ្ទះថ្មល្វែង ត្រូវឆេះ​ខូចខាត​អស់​ទាំង​ស្រុង​ ចំពោះ​មូលហេតុ ​គឺ​បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​(ទុ​ស្សេ​ខ្សែ​ភ្លើង​)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post