header ads

Sponsor

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ ដែលពាក់ព័ន្ធគ្រឿងញៀននៅក្លឹបកម្សាន្ដ Rock ខណៈតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនរួចរាល់ហើយ។ សម្ដេចក្រឡាហោម បានអះអាងថា មន្ដ្រីនគរបាលម្នាក់នោះ ច្បាស់ជារត់មិនរួចនោះទេ ព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ហើយ ដើម្បីកុំឲ្យពិបាក ត្រូវចូលខ្លួនមកភ្លាម ក្រែងអាចសម្រាលបានខ្លះ។

បទបញ្ជានេះ សម្ដេចក្រឡាហោម ស ខេង លើកឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីរសៀលថ្ងៃទី២១ ខែមីនា នៅទីស្តីការក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង២ឆ្នាំនេះ កម្លាំងសមត្ថកិច្ច បានចាប់រឹបអូសគ្រឿងញៀនបានប្រមាណជាង៥០០គីឡូក្រាម ប៉ុន្ដែចុងក្រោយនេះ បានបើកប្រតិបត្តិការ ដើម្បីបំផ្លាញទីតាំង ចែកចាយ លក់ដូរ និងប្រើប្រាស់នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកម្សាន្ដ Rock ដែលបានរឹបអូសគ្រឿងញៀន បានប្រមាណជិត៥០គីឡូក្រាម។

ក្នុងឱកាសនោះដែរ​ សម្ដេចក្រឡាហោម បានជំរុ​ញឱ្យមន្រ្តីពាក់ព័ន្ធ អាជ្ញាធរ រាជធានី/ខេត្ត និងសមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជំនាញ និងប្រជាពលរដ្ឋផងដែរ បន្តយកចិត្តទុកដាក់​ ពង្រឹងយន្តការ ទប់ស្កាត់ និងបង្រ្កាបឱ្យបាននៅតាមរង្គសាល កន្លែងសប្បាយភាព និងនៅគ្រប់ទីតាំងក្នុងមូលដ្ឋាន សំដៅរួមគ្នាកាត់បន្ថយ ការប្រើប្រាស់ ការជួញដូរ និងការធ្វើចរាចរគ្រឿងញៀននៅកម្ពុជា។

សម្តេចក្រឡាហោម ក៏បានក្រើនរំលឹកដល់មន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កុំឱ្យធ្វើអន្តរាគមន៍ ចំពោះប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឬ ក៏លូកដៃជ្រៀតជ្រែកការងារជំនាញរបស់មន្រ្តីមានសមត្ថកិច្ចឱ្យសោះ វានឹងធ្វើឱ្យខូចដល់ប្រព័ន្ធយុត្តិធម៌។ លើសពីនេះ ត្រូវការពារ មិនឱ្យគ្រឿងញៀនចូលក្នុងសាលារៀនជាដាច់ខាត វានឹងធ្វើប៉ះពាល់យ៉ាងធ្ងន់ ដល់យុវជន ដែលជាទំពាំងស្នងឫស្សី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post