
ជនរងគ្រោះឈ្មោះ ពៅ ដាវីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរត់កង់បី ស្នាក់នៅភូមិចុងខ្សាច់សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ឪពុកសព បានឲ្យដឹងថា មុនថ្ងៃកើតហេតុ គ្រួសារគាត់បានជួបជុំបងប្អូនផឹកស៊ីជាមួយគ្នា ខណៈពេលនោះ គាត់បានប្រដៅកូនប្រុស កុំឲ្យដើរលេងពេក រួចគាត់ចូលសម្រាន ស្រាប់តែភ្លឺឡើង កូនបងបាននិយាយថា ពុកដាវីន បានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយកើតហេតុ ទើបតែនៅព្រឹកថ្ងៃទី២ ខែមីនានេះ ឪពុកជនរងគ្រោះ បានជួលបងប្អូនខ្មែរ-ឥស្លាម ក្នុងតម្លៃ ៥០០ដុល្លារ បើសិនជារាវរកឃើញសពកូនប្រុសរបស់គាត់ ស្រាប់តែនៅម៉ោងប្រមាណ១២៖៥០នាទី ស្រាប់តែរាវរកឃើញរួច បានស្រង់ឡើងគោក ហើយបានទាក់ទងរថយន្តសាម៉ុយដឹកសពយកទៅតម្កល់ទុកនៅវត្តទួលសង្កែ១ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហ្វីណូ ពណ៌ក្រហម មិនដឹងថា មកពីណា និងមានវិបត្តិរឿងអីនោះទេ បានមកលោតចុះទឹកទន្លេបាត់ស្រមោលតែម្តង និងបង្កការភ្ញាក់ផ្អើលពេញលើស្ពានជ្រោយចង្វារថ្មី កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យ២២ទៅ២៣ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកហ្វ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១HC-៣០៨៣ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើនេះ មិនដឹងថាជនរងគ្រោះមានវិបត្តិរឿងអ្វីនោះទេបានជិះម៉ូតូមកដល់ពាក់កណ្តាលស្ពានក៏ឈប់ម៉ូតូរួចចាក់សោ.ក ហើយឡើងលើបង្កាន់ដៃស្ពាន រួចលោតចូលទន្លេបាត់ស្រមោលតែម្តង ភ្លាមៗនោះដែរប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពាននោះរត់ទៅជួយដែរ ប៉ុន្តែជួយអត់ទាន់៕









ផ្ដល់សិទ្ធិដោយ campost.news